(ភ្នំពេញ)៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារលិខិតជូនពរ ប្រកបដោយពាក្យពេចន៍លើកទឹកចិត្តដ៏មានអត្ថន័យ នៅក្នុងឱកាសទិវាខួបកំណើតរបស់ឯកឧត្តម។
តាមរយៈលិខិតថ្លែងអំណរគុណឯកឧត្តម កែ គឹមយ៉ាន បានថ្លែងយ៉ាងដូច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរមានខ្លឹមសារ និងពាក្យពេចន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតចំពោះរូបខ្ញុំបាទ ព្រមទាំងបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងក្នុងការរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយឧត្តមភាព បម្រើជាតិ ប្រជាជន និងការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងអាណត្តិកន្លងមកនៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។
ខ្ញុំបាទពិតជាមានបីតិសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែងបំផុត ដែលបានចូលរួមជាមួយនឹងឥស្សរជននានាជាប្រវត្តិសាស្ត្រ ក្នុងការកសាង ការពារអធិបតេយ្យភាពជាតិ និងអភិវឌ្ឍប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ជាអគ្គរដ្ឋបុរសឆ្នើម ដែលបានបន្សល់ទុកនូវកេរមរតកដ៏ពិសិដ្ឋឥតគណនាដល់ប្រជាជាតិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមគោរពប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រធីតា ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ»៕


