ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦–គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់អាជ្ញាធរខេត្ត ព្រមទាំងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា។
ក្នុងឱកាសនេះឯកឧត្តម ឈិត សុខុន បានជំរុញឱ្យអាជ្ញាធរខិតខំរួមគ្នាបន្តពង្រឹងការអនុវត្តគោលនយោ បាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យខ្ជាប់ខ្ជួន បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យបានទាន់ពេលវេលា ជាពិសសេសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងទប់ស្កាត់ការផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ។ សម្រាប់មន្ទីរជំនាញក្នុងវិស័យត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងចីរភាព សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្តមបានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានធ្វើឱ្យខេត្តមួយនេះមានការប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះ ចំពោះប្រឈមដែលនៅសេសសល់ សូមបន្តរួមគ្នាខិតខំដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបាន់កាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕




