សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព»


(ព្រុចសែល)៖ កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងកិច្ចសម្ភាសមួយ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។

ថ្លែងប្រាប់ AFP ចេញពីទីក្រុងព្រុចសែល សម្តេច ហ៊ុន ម៉ាណែត បាននិយាយយ៉ាងដូច្នេះថា «យើងមិនមែនកំពុងបង្កើនជម្លោះទេ។ យើងចង់បន្ធូរបន្ថយជម្លោះ។ យើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ ទន្ទឹមគ្នានោះ សម្តេចបានបន្តលាតត្រដាងពីទង្វើឈ្លានពានរបស់ថៃថា ពួកគេបានរំលោភកាន់កាប់លើទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែល​ទីក្រុងបាងកកខ្លួនឯងអះអាងជា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត។ នៅពេលត្រូវបានសួរថា តើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា សម្តេចបានឆ្លើយតបថា «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងដំណោះស្រាយដោយសន្តិវិធីជានិច្ច»។

កម្ពុជាបានស្នើទៅកាន់បារាំង ដើម្បីសុំការផ្តល់ឯកសារក៏ដូចជាផែនទីប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីព្យាយាមដោះស្រាយបញ្ហាទឹកដី​ជាមួយប្រទេសថៃ ហើយបានអំពាវនាវឱ្យគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ អាចបន្តធ្វើការងារឡើងវិញលើរឿងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះលទ្ធផលនៃនីតិវិធីនេះ ចេញមកបែបណាក៏ដោយ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលយកវា ហើយសម្តេច​សង្ឃឹមថា ខាងភាគីថៃក៏នឹងយល់ព្រមទទួលយកដូចគ្នា។ សម្តេចបានបង្ហាញក្តីបារម្ភ អំពីស្ថានការណ៍ព្រំដែនបច្ចុប្បន្ន ដោយចាត់ទុកថា វាមិនមានស្ថិរភាពនិងមានលក្ខណៈផុយស្រួយ។

ជាចុងក្រោយ ពាក់ព័ន្ធការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ សម្តេចធិបតី បានថ្លែងថា ខណៈដែលកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ក្នុងការជួយសម្រុះសម្រួលបទឈប់បាញ់ជាមួយថៃ គឺជា​ហេតុផលមួយផ្នែក កម្ពុជាជឿជាក់ថា ក្រុមប្រឹក្សានេះពិតជាមានគោលដៅលើកកម្ពស់សន្តិភាព ហើយមិនមែនគ្រាន់តែចង់ធ្វើឱ្យ​លោកប្រធានាធិបតី ត្រាំ សប្បាយចិត្តនោះទេ៕