រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ​


រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២​៦ របស់ក្រសួងធម្មការនិងសាសនា ដែលបាន​ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយពិធីបើកចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងពិធីបិទប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំពាហិរសាសនា មន្ទីរ អង្គការដៃគូរពាក់ព័ន្ធ លោក លោកស្រី មន្ត្រីរាជការចំនួនប្រមាណ ៩៧៨ អង្គ/នាក់​។

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនិងអង្គពិធីទាំងមូល ដែលបានយាង និមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសាសនា និងសុខទុក្ខ ការរស់នៅរបស់ប្រជាជនគ្រប់រូប ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥កន្លងទៅនេះ។ សមិទ្ធផលទាំងនេះ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងរួមមាន៖ ការលើកកម្ពស់សាសនារបស់រដ្ឋ ការលើកកម្ពស់សីលធម៌សង្គម ការរក្សាសុខដុមនីយកម្មសាសនា ការពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ​ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការអភិវឌ្ឍវិស័យធម្មការនិងសាសនា ព្រមទាំងជាការចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសុជីវធម៌របស់ពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយនេះ តាមរយៈនយោបាយឈ្នះឈ្នះ និងក្រោមការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពប្រាកដនិយ​ម​របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោ​ទ​​​នៈ ដោយរក្សាបាន​​ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវសុខដុមនីយកម្មសាសនា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេល និងចំទិសដៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ​ក្នុងបរិការណ៍នៃការប្រឈម និងការប្រែប្រួលនេះ វិស័យសាសនា ក៏កាន់តែមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សានូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់មូលធនសង្គម បណ្ដុំគុណតម្លៃរួមជាធាតុចាំបាច់ធ្វើឱ្យមនុស្សអាចរួមរស់ និងបំពេញការងារក្នុងស្មារតីក្រុម ឬស្មារតីស្នេហាជាតិ ដើម្បីសម្រេចឱ្យបានតាមវត្ថុបំណងដ៏ពិសិដ្ឋរបស់ប្រទេសនីមួយៗ ។

 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគាំទ្រដល់ស្មារតីអង្គសន្និបាតរបស់ក្រសួងធម្មការនិងសាសនា ដែលបានកំណត់ដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងចំនួន៥គឺ៖ ​ការលើកកម្ពស់សាសនារបស់រដ្ឋ ការលើកកម្ពស់សីលធម៌សង្គម ការរក្សាសុខដុមនីយកម្មសាសនា ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ដើម្បីបន្តអនុវត្តឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ព្រមទាំងបានថ្វាយ ប្រគេន និងជូននូវទស្សនទានបន្ថែមមួយចំនួនផងដែរគឺ៖ទី១. ​សូមបន្ត​លើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការផ្សព្វផ្សាយ​នូវសាសនូ​វាទ ​ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតី​ប្រកប​ដោយព្រហ្មវិហារធម៌ កាត់បន្ថយ​អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន​សុខដុមរមនា និងពង្រឹងសាមគ្គីធម៌, ទី២.ថ្នាក់ដឹកនាំគ្រប់​សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បន្តចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម, ទី៣. ​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តសហការជាមួយក្រសួងធម្មការនិងសាសនា ដើម្បី​លើកកម្ពស់សាសនានិងសីលធម៌សង្គម​ ពង្រឹងសុខដុមនីយកម្ម​សាសនា ដោយលើកទឹកចិត្តឱ្យគ្រប់សាសនា ចូលរួមជួយក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌, ​ទី៤.បន្តពង្រឹងគុណភាពគ្រប់មុខវិជ្ជាលើវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិត​ មានដូចជាធម្មវិន័យ​ បាលី សំស្រ្កឹត ទស្សនវិជ្ជាសាសនា។ល។ តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដោយបញ្ចូលជំនាញ
​ព័ត៌មានវិទ្យា និងភាសាបរទេស ​ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ពុទ្ធិកសាកលវិទ្យាល័យ បន្តពង្រឹងគុណភាពស្រាវជ្រាវបែបវិទ្យាសាស្ត្រសម្រាប់គ្រូបង្រៀន សមណនិស្សិត និងនិស្សិត ក្នុងការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវនានា, ទី៥. បន្តពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ក្រសួងធម្មការនិងសាសនា តាមរយៈការបន្តពង្រឹងសមត្ថភាពមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងបរិបទបរិវត្តកម្មឌីជីថល, ទី៦.អគ្គនាយកដ្ឋានកិច្ចការសាសនា អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តយកចិត្តទុក ក្នុងការគ្រប់គ្រងការងារដោយផ្តោតលើសមិទ្ធផលគន្លឹះ តាមរយៈការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ, ទី៧.អគ្គនាយកដ្ឋានកិច្ចការសាសនា ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់វត្តអារាម វិហារសាសនា និងស្ថិតិបព្វជិតនៅទូទាំងប្រទេស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងផ្ដល់សេវា។ ជំរុញឱ្យមានការដាំដើមឈើ បន្លែ និងបំផុសឱ្យគ្រប់​អារាមសាសនា ​អនុវត្តឱ្យបានជាអតិបរមានូវអភិក្រម ស៣ គឺ សទី១ ស្អាត សទី២ ស្វាង និងសទី៣ ស្ងប់ ដែលដាក់ចេញដោយក្រសួងធម្មការនិងសាសនា ដើម្បីប្រែក្លាយគ្រប់អារាមសាសនាទៅជាទីកន្លែងទេសចរណ៍សាសនា, ទី៨. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចូលកម្មវិធីអប់រំសីលធម៌ គុណធម៌ ដល់យុវជននៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍, ទី៩.ពង្រឹងការតាមដាន និងគ្រប់គ្រងរាល់សកម្មភាពសាសនាដែលខុសច្បាប់ ឬសកម្មភាពដែលឆ្លៀតឱកាស ប្រើប្រាស់ជំនឿ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។

 

ជាទីបញ្ចប់ ក្នុងនាម សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ​សម្ដេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់សាសនា លោក លោកស្រី មន្ត្រីរាជការ និងអង្គសន្និបាតទាំងមូល សូមប្រកប​ដោយពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ​ពលៈ កុំបីប្រែក្លាយទៅជាបការដទៃឡើយ និងសូមទទួលបាននូវសេចក្តី សុខស្លាម៉ាត់ ចម្រើនព្ហារ៉កាត់ ករុណារ៉ោះម៉ាត់ ពីព្រះអាល់ឡោះ​ និងសូមព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទាន​ពរ គ្រប់ប្រការ៕