ឯកឧត្តម អ៊ុន ចាន់ដា ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ


(កំពង់ចាម)៖ នារសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ១២គ្រួសារ។ គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ល្ងាច ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង របើកទាំងដំបូលផ្សារហើយធ្វើអោយផ្ទះ ១០ខ្នង ក្នុងភូមិថ្នល់បែកកើត -ភូមិថ្នល់បែកលិច- ភូមិ ថ្នល់បែកជើង និងភូមិស្វាយទាប ត្រូវ របើកដំបូលសង្កសីជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតមធ្យម ៤ខ្នងនិងកម្រិតស្រាល ៦ខ្នង។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។ ឯកឧត្តម អ៊ុន ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ទន្ទឹមនេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ១០ គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់។ ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ៣០០.០០០ រៀល ដល់ ១០០,០០០រៀល៕