(កណ្ដាល)៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានជំរុញកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ហើយបើរកឃើញត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវរក្សាទុកឲ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស Online Scams ក្នុងមូលដ្ឋានខេត្តកណ្តាល។
អភិបាលខេត្តកណ្តាល ក៏បានស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ និងតាមដានជានិច្ចចំពោះការលួចលាក់ស្នាក់នៅខុសច្បាប់នានានៅតាមលំនៅឋាន ខុនដូ ឬអាគារជាដើម ក្នុងមូលដ្ឋានក្រុង-ស្រុករបស់ខ្លួន ពិសេសត្រូវខិតខំផ្សព្វផ្សាយដល់មហាជនឱ្យចូលរួមសហការក្នុងការផ្ដល់ផ្ដល់ជាព័ត៌មាននានា អំពីការស្នាក់នៅដែលគួរឱ្យសង្ស័យពាក់ព័ន្ធបទល្មើស Online Scams។
ពាក់ព័ន្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ក្នុងខេត្តកណ្ដាល។ ឯកឧត្តមសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំកោនសាជីនៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។
អភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវតាមចាប់ជននាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់មកដាក់ផ្ដន្ទាទោសតាមច្បាប់កំណត់មិនឱ្យរួចខ្លួនឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ។
ពាក់ព័ន្ធនិងបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ អភិបាលខេត្ត បានទុកពេល១ខែ ដល់រដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាង ក្នុងការរៀបចំសណ្តាបធ្នាប់តាមដងផ្លូវសាធារណៈជាពិសេសចំពោះការលក់ដូរតាមផ្លូវសាធារណៈនានា ផងដែរ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានរៀបរយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពរលូន មានសោភ័ណភាព និងកាត់បន្ថយការកក់ស្ទះ៕




















