មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ឱ្យកាន់មានតែមានប្រសិទ្ធិភាព


(ព្រះវិហារ)៖ ឯកឧត្តម អ៊ុំ ម៉ារា រដ្ធលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមកាងារត្រួតពនិត្រ និងជុំរុញការអនុវត្តគោលនោយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ស្ថិតក្នុងដែនសម្ថកិច្ចក្រសួងមហាផ្ទៃ បានថ្លែងណែនាំបញ្ជាការ ឯកភាពរដ្ឋបាល​ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តព្រះវិហារ សូមបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់មានតែមានប្រសិទ្ធិភាព។

ការថ្លែងរបស់ឯកឧត្តម អ៊ុំ ម៉ារ៉ា ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ ២០២៥ និងទិសដៅឆ្នាំ ២០២៦ និងបូកសរុបលទ្ធផលកាងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ធបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់រដ្ឋបាលខេត្តព្រះវិហារ ដោយមានការដឹកនាំ ចង្អុលបង្ហាញ ការគាំទ្រ និងតម្រង់ទិស ពីឯកឧត្តម អ៊ុំ ម៉ារ៉ា យើង​ សម្រេចបានលទ្ធផលការងារ ជាច្រើនគួរឱ្យកត់សម្គាល់។

អភិបាលខេត្តព្រះវិហារ ក៏​បាន​ថ្លែងលើកឡើងអំពីចំណុចខ្លាំងមួយចំនួន ក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់រដ្ឋបាល ខេត្តព្រះវិហារ ដែល​ទាំង​អស់​នេះ​កើត​ចេញ​ពីការខិតខំប្រឹងប្រែង​កិច្ចសហការបានយ៉ាងល្អប្រសើរ រវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានាដែលតែងតែយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច គោរពឋានានុក្រម និង ការរៀបចំរបាយការណ៍ជាទៀងទាត់ផងដែរ។

ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងបញ្ជាក់បន្ថែម​ថា ក្រៅពីការងារនេះ ការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ ជាពិសេសគឺ ការផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ការិយាល័យ ច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញ ចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល តម្លាភាព និងការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។

​រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មរដ្ឋបាល ដោយ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បញ្ជូនឯកសារ ប្រព័ន្ធរក្សាទុកឯកសារ និងការងាររដ្ឋបាលផ្សេងៗទៀត ជាប្រព័ន្ធទំនើប មានសុវត្ថិភាព និង​ឆាប់​រហ័ស។

ឯកឧត្តម អ៊ុំ​ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​និង​ក្រុង ស្រុកទាំង៨ មន្ទីរ អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តពង្រឹងការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បន្ថែមទៀត ជាពិសេសគឺ យកចិត្តទុកដាក់លើការងារជាអាទិភាពមួយ​ចំនួន​ដូច​ជា​ ត្រូវពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន បទល្មើសឆ្លងដែន ខុសច្បាប់ និងបទល្មើសផ្សេងទៀត នៅតាមមូលដ្ឋាន។

បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានពែនាំឱ្យពង្រឹងការ អនុវត្តច្បាប់ និងការត្រួតពិនិត្យការធ្វើចារចរណ៍នៅតាមដងផ្លូវនានា ជាពិសេសគឺការធ្វើដំណើពេលយប់ ដោយគោយន្តកន្ត្រៃយ៍មួយចំនួនគ្មានភ្លើងបំភ្លឺ និងគ្មានចំណាំងផ្លាត និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រា ឬ គ្រឿងញៀន ជាដើម៕