(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានជំរុញឱ្យអ្នកការទូតកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត ជាពិសេសកម្លាំងប្រាជ្ញា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍ជាតិ និងប្រជាជន ក្នុងពេលដែលពិភពលោក កំពុងប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
ប្រមុខការទូតកម្ពុជា បានមើលឃើញថា ពិភពលោក កំពុងប្រែប្រួលយ៉ាងលឿន ជ្រាលជ្រៅ និងស្មុគស្មាញ ហួសពិការគិតស្មាន។ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ក៏បានដាក់សម្ពាធយ៉ាងខ្លាំងដល់ការធ្វើសេចក្តីសម្រេច ការជ្រើសរើស ការប្រកាន់ជំហនយោបាយ ដែលពេលខ្លះនាំឱ្យផលប្រយោជន៍ជាតិកម្ពុជា ត្រូវរងហានិភ័យខ្ពស់។
«ប្រទេសជាតិយើងក៏កំពុងរងគ្រោះដោយការឈ្លានពាន ការទន្ទ្រានទឹកដី ការបង្ខូចកេរ្តិ៍ឈ្មោះពីអ្នកជិតខាង ដែលប្រើប្រៀបយោធា និងសេដ្ឋកិច្ចមកសង្កត់យើង។ ពេលនេះគឺជាងពេលណាៗទាំងអស់ ដែលអ្នកការទូតរបស់យើង ត្រូវខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ជាពិសេសកម្លាំងប្រាជ្ញា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជនយើង»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ប្រាក់ សុខុន។
ទប់ទល់ដោះស្រាយសភាពការណ៍ដែលមិនធម្មតា ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការរកផ្លូវ រកវិធី និងការប្រកាន់ឥរិយាបទការងារ មិនធម្មតាដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថា «ពេលនេះមិនមែនជាពេលដែលយើងដើរកម្សាន្តទៀតទេ រាល់ពេលដែលចាំបាច់ ត្រូវងាកចេញពីគន្លងការងារចាស់ ត្រូវចេះគិតឱ្យទៅហួសពីរបៀបគិតចាស់ ត្រូវធ្វើការតាមរបៀបបុរេសកម្ម ត្រូវរត់រកការងារ មិនមែនរង់ចាំឱ្យការងារមករកយើងទេ»៕






