(ក្រចេះ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំតំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួងនានា លោក លោកស្រីអង្គទូត អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីមន្ត្រីរាជការ វិស័យឯកជន អ្នកបង្កើតមាតិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង៣,៥០០នាក់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម វ៉ា ថន បានគោរពរាយការណ៍ជូនពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច ការវិនិយោគនានា ស្ថិតិប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងសមិទ្ធផលនានា ដែលសម្រេចបានគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនគណៈអធិបតី និងអង្គពិធី។ ឯកឧត្តមអភិបាលខេត្តក្រចេះ និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅអំពីគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសខេត្តក្រចេះ ជាម្ចាស់ផ្ទះលើកទី២ ដើម្បីឆ្លុះបញ្ចាំងពីសក្តានុពលដ៏ខ្លាំងក្លារបស់ខេត្តក្រចេះនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នេះនៅលើទឹកដីនៃខេត្តក្រចេះ ក៏ដូចជាបានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងនូវ ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះមុនថ្ងៃកំណត់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី១០។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេចាប់ពីឆ្នាំ២០១៥ មក បន្ថែមពីលើព្រឹត្តិការណ៍បុណ្យសមុទ្រដែលបានចាប់ផ្តើមរៀបចំ ចាប់តាំងពីឆ្នាំ២០១១។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងអំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍ពី បញ្ហាប្រឈមក្នុងបរិបទបច្ចុប្បន្ន ការត្រៀមលក្ខណៈ និងការចូលរួមជាធ្លុងមួយនៃមហាគ្រួសារវិស័យទេសចរណ៍ ព្រមទាំងការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះនេះ។ ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅលើទឹកដីនៃខេត្តក្រចេះ គឺជាកាលានុវត្តភាពដ៏វិសេសវិសាល ក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីតម្លៃ នៃធនធានទន្លេ និងការជំរុញតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយបរិយាបន្ន។
លើសពីនេះ, ការពង្រឹងគុណភាពសេវាកម្ម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមដងទន្លេ មិនត្រឹមតែឆ្លើយតបទៅនឹងនិន្នាការទីផ្សារសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឧត្តមភាព ក្នុងខ្សែច្រវាក់ទេសចរណ៍តំបន់អាស៊ាន ស្របតាមទិសដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនគណៈអធិបតី និងអង្គពិធីអំពីការរៀបចំជាលក្ខណៈពិសេសបន្ថែម ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នេះ ឱ្យស្របតាមបរិបទបច្ចុប្បន្ននៃប្រទេសជាតិយើង ដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ដោយក្នុងនោះមានព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជាពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ កម្មវិធីដុតក្រឡាក្រចេះ កម្មវិធីលែងត្រីចូលទន្លេ ការតាំងពិព័រណ៍សមិទ្ធផល សិក្ខាសាលា កម្មវិធីដាំដើមឈើ កម្មវិធីចែកអំណោយសប្បុរសធម៌ សកម្មភាពកីឡាទេសចរណ៍ កម្មវិធីបណ្តែតប្រទីប យុទ្ធនាការ «កម្ពុជាស្អាត, ក្រចេះស្អាត, បុណ្យទន្លេគ្មានសម្រាម» និងជាចុងក្រោយជាការសម្តែងសិល្បៈ។
ថ្លែងក្នុងព្រឹត្តការណ៍ដ៏មហោឡារិកនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង រដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» ដែលបានបង្ហាញពីតម្លៃដ៏សំខាន់នៃទន្លេ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ វប្បធម៌ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែករក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការពារសត្វផ្សោតទន្លេមេគង្គ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍។
សូមជម្រាបថា បុណ្យទន្លេត្រូវបានរៀបចំជាលើកដំបូងបង្អស់នៅខេត្តក្រចេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទន្លេ និងការអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងការថែរក្សាបរិស្ថាន។ នៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមីនា នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២២៤,៤៦៨នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនប្រមាណ ៥,០០០នាក់ និងភ្ញៀវបរទេសជិត៣០០នាក់៕




















