នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel នៅសាលាអន្តរជាតិវេស្ទឡាញន៍ សាខាក្រុងស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំសាលា វេស្ទឡាញន៍ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកានពិធីនេះ ឯកឧត្តមអភិបាលខេត្តនបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុប ដែលបានផ្តល់នូវទំនុកចិត្ត និងបានសម្រេចចិត្តក្នុងការបើកសាខាសាលាអន្តរជាតិវេស្ទឡាញន៍ ដែលជាសាខាថ្មីរបស់ខ្លួន នៅក្នុង មូលដ្ឋានក្រុងស្វាយរៀងនាពេលនេះ ដែល Pearson Edexcel ជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិរបស់ចក្រភពអង់គ្លេសត្រូវបានទទួលស្គាល់ទូទាំង ពិភពលោក និងមានប្រជាប្រិយភាពខ្លាំងសម្រាប់សាលាអន្តរជាតិនៅកម្ពុជាហើយជាមួយនិងវត្តមានសាលាអន្តរជាតិវេស្ទឡាញន៍ កម្មវិធីសិក្សានេះ ក៏នឹងត្រូវដាក់ ឲ្យអនុវត្ត ត្រៀមសម្រាប់ទទួល និងធ្វើការបណ្តុះបណ្តាលដល់ប្អូនៗក្មួយៗជាសិស្សានុសិស្ស នៅក្នុងក្រុង និងខេត្តស្វាយរៀងផងដែរ។
ឯកឧត្តមបន្តថា វត្តមានរបស់សាលាអន្តរជាតិវេស្ទឡាញន៍នៅខេត្តស្វាយរៀងនាពេលនេះគឺមិនត្រឹមតែជាការបង្ហាញឲ្យឃើញ ពីការរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមស្ថាបនា និងលើកកម្ពស់គុណភាពវិស័យអប់រំក្នុងខេត្តឲ្យកាន់តែមានការឈានឡើងមួយកម្រិតថែមទៀត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើតបាននូវជម្រើស និងផ្តល់ភាពកាន់តែងាយស្រួល ឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់ឲ្យកូនរបស់ខ្លួនបានរៀនសូត្រនៅសាលារៀន ដែលមានគុណភាពខ្ពស់បំពាក់ដោយសម្ភារៈទំនើបមានកម្មវិធីសិក្សាស្តង់ដារដូចប្រទេស ជឿនលឿននានាកំពុងប្រើប្រាស់ ។
ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងនៅក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងចាត់ទុកការពង្រឹងសមត្ថភាព និងការកសាងធនធានមនុស្ស “កត្តាមនុស្ស” ជាអាទិភាព ហើយការពង្រឹងគុណភាពអប់រំជាកិច្ចការចម្បងដើម្បីគាំទ្រនិងបានគូសរំលេចយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រ និ និងកម្មវិធីនយោបាយ ទាំង យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ពិសេសនៅក្នុង បញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ តែម្តង ដែលសរបញ្ជាក់ឲ្យឃើញថា គ្រប់ដំណើរការ និងគ្រប់ដំណាក់កាលទាំងអស់ នៃការកសាងជាតិ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំ និងការកសាងធនធានមនុស្ស ក៏ដូចជាការប្រើប្រាស់ធនធានបញ្ញាជាអាទិភាពចំពោះមុខដ៏ចម្បងរបស់ជាតិ ។


































































