ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំ ចាត់ទុកគ្រឹះស្ថានសិក្សាឯកជន ជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកវិស័យឯកជន និងគ្រឹះស្ថានសិក្សាឯកជន គឺជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បើចង់ឲ្យគុណភាពអប់រំកើនឡើង ចាំបាច់ត្រូវអភិវឌ្ឍក្នុងវិស័យអប់រំ ហើយការចូលរួមរបស់មាតាបិតា គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យសាលារៀនឯកជនអាចវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើបន្ទប់ពិសោធន៍ ទៅលើកម្មវិធីសិក្សាពេញមួយថ្ងៃ ទៅការបណ្តុះបណ្តាលគ្រូដ៏មានគុណភាព ក៏ដូចជាការរៀបចំកម្មវិធីសិក្សាកម្រិតអន្តរជាតិ រួមទាំង ការសិក្សាភាសាខ្មែរ និងការសិក្សាភាសាបរទេសជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរពិធីគម្រប់ខួប ១៨ឆ្នាំនៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៅតាមសាលារៀនវ៉េស្ទឡាញន៍​របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីនៃសារៈសំខាន់នៃវិស័យឯកជន នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ក៏ដូចជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ យើងដឹងហើយថា នៅកម្ពុជា មានជាង ១០ ០០០សាលារៀន ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា យើងមានជាង ២០០សាលា  ក្នុងន័យនេះ ក្រសួងអប់រំ ចាត់ទុកវិស័យឯកជន និងគ្រឹះស្ថានសិក្សាឯកជន គឺជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព។ អីចឹង បើយើងចង់ឲ្យគុណភាពអប់រំកើនឡើង ចាំបាច់ត្រូវអភិវឌ្ឍក្នុងវិស័យអប់រំ ហើយការចូលរួមរបស់មាតាបិតា គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យសាលារៀនឯកជនអាចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើបន្ទប់ពិសោធន៍ ទៅលើកម្មវិធីសិក្សាពេញមួយថ្ងៃ ការបណ្តុះបណ្តាលគ្រូដ៏មានគុណភាព ក៏ដូចជាការរៀបចំកម្មវិធីសិក្សាកម្រិតអន្តរជាតិ រួមទាំង ការសិក្សាភាសាខ្មែរ និងការសិក្សាភាសាបរទេសជាដើម។

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ កំពុងតែសិក្សាដើម្បីពិនិត្យមើលតំបន់ ដែលមានសាលាឯកជនវិនិយោគ ធ្វើយ៉ាងណាកុំឲ្យមានការវិនិយោគលើតំបន់មួយច្រើនពេក ដើម្បីការពារកុំឲ្យកើតមានបញ្ហាលើការវិនិយោគវិស័យអប់រំ និងដើម្បីវិស័យឯកជន ផ្តល់សេវាអប់រំប្រកបដោយគុណភាព។ ឯកឧត្តមក៏បានប្រកាស បន្តគាំទ្រ និងសហការគ្នាទៅវិញទៅមកជាមួយវិស័យអប់រំឯកជន ដើម្បីចែករំលែកចំណែកដឹងផ្នែកអប់រំផងដែរ។

គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់៕