ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់ តាមរយៈការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ»


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់ តាមរយៈការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» ។

វេទិកានេះ ធ្វើឡើងក្នុងឆ្នាំដំបូង ក្រោមការឯកភាព និងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្ហាញនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា រួមទាំងមានលោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ស្របពេលដែលបរិការណ៍សកលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នឹងដើរតួនាទីជាយន្តការចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងអនុសាសន៍ ហើយក៏ជាយន្តការបង្កើតនូវបណ្តាញទំនាក់ទំនងធុរកិច្ច ក៏ដូចជាការស្វែងរក និងចាប់យកកាលានុវត្តភាពវិនិយោគ រួមបញ្ចូលទាំងការពង្រីកគម្រោងវិនិយោគ និងការចាប់ដៃគូវិនិយោគលើសកម្មភាពថ្មីៗ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ រៀបចំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងអស់ដែលបានសម្របសម្រួលរៀបចំវេទិកាដ៏មានតម្លៃនេះ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល វេទិការនេះនឹងប្រព្រឹត្តទៅក្នុង រយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស មកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ចែករំលែក និងពិភាក្សាជុំវិញប្រធានបទគន្លឹះៗមានជាអាទិ៍៖ បរិយាកាស វិនិយោគ និងការសម្របសម្រួលគោលនយោបាយនានា, កិច្ចសម្រួលដល់ដំណើរការចុះបញ្ជីពាណិជ្ជកម្ម និងលិខិតអនុញ្ញាតការងារ, កិច្ចសម្រួលដល់ក្របខណ្ឌច្បាប់សាងសង់ និងបរិស្ថាន និងការបង្កើនភាពអាចប៉ាន់ប្រមាណបាននូវនីតិវិធីពន្ធដារ និងពន្ធគយ ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទសំខាន់ៗដែលវិនិយោគិនចង់ស្វែងយល់ ជាពិសេសពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលថ្មីៗ គម្រោងនាពេលអនាគតរបស់រាជរដ្ឋាភិបាលក្នុង ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាផងដែរ៕