កម្ពុជា-អាស៊ៃបៃហ្សង់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗ ដើម្បីរឹតចំណងមេត្រីភាព


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្លាជាមួយ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងាររបស់លោក នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ -១៤ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរដ៏កក់ក្ដៅរបស់កម្ពុជា ចំពោះការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រស្តីពីសន្តិភាព ដែលចុះហត្ថលេខាដោយអាស៊ែបៃហ្សង់ និងអាមេនី ដោយមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាសាក្សី កាលពីឆ្នាំកន្លងមក និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពប្រកបដោយភាពវិជ្ជមាន ក្នុងទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ភាគីទាំងពីរ បានពិភាក្សាអំពីវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាងប្រធានាធិបតីអាស៊ៃបៃហ្សង់ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនគណៈប្រតិភូអាស៊ៃបៃហ្សង់ ផងដែរ៕