ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភាខាងមុខ បន្ទាប់ពីសាងសង់អស់រយៈពេល៦ឆ្នាំ


(ភ្នំពេញ)៖ តាមការគ្រោងទុកស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង នឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមាន ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងលោកជំទាវ តៅ តឿន ទៀ បាញ់។ នេះបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែឧសភា ម្សិលមិញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត បានឱ្យដឹងថា ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុងនឹងធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។ ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ។

ពិធីសម្ពោធស្តូបឈ្នះឈ្នះ កោះកុង នឹងមានរៀបចំព្រឹត្តិការណ៍អមមួយចំនួនរួមមាន៖

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កីឡារត់ប្រណាំងចម្ងាយ៤៧០០ម៉ែត្រ និង៧០០០ម៉ែត្រ ដែលមានកីឡាករ កីឡាការិនី ចូលរួមប្រមាណចំនួន២,០០០នាក់ មកពី៦ខេត្ត រួមមានខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ កែប កំពត តាកែវ។
នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីដំណើរទស្សនកិច្ចរបស់សហព័ន្ធយានយន្ត Koh Kong road Trip ដោយមានការចូលរួមពីសហព័ន្ធយានយន្ត។

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំពិធីបែបសាសនា ក្រុងពាលី ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី។

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ មានការរៀបចំប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ នៅទីលានវាយកូនគោលតារាសាគរ ខេត្តកោះកុង ដែលមានកីឡាករចូលរួមជិត១០០នាក់។

នៅរាត្រីថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំពិធីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។ នៅក្នុងពិធីនេះមានរៀបចំបាញ់កាំជ្រួច ការតាំងពិព័រណ៍សមិទ្ធផលនានា បង្ហាញពីដំណើរការនិងសកម្មភាពអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ ទិសយោធភូមិភាគទី៣ សមិទ្ធផល និងស្នាដៃក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល២៨ឆ្នាំ «១៩៩៨-២០២៦»ផលិតផលម្ហូបអាហារខ្មែរ រួមជាមួយសមិទ្ធផលវិស័យឯកជននានា។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំ ប្រគុំតន្ត្រីសម័យ សិល្បៈសម័យបុរាណ ការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ-អន្តរជាតិ។

គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការគោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដល់សាធារណជន ឬប្រជាជនខ្មែរទាំងមូល ឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ ពេលនេះជាវិធីសាស្ត្រថ្មីមួយក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះ។

ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ក្នុងការបន្តថែរក្សា ស្ថិរភាព សន្តិភាព ក្នុងមាតុភូមិយើងដែលជាភារកិច្ចរបស់យើងគ្រប់គ្នា រួមគ្នាជាធ្លុងមួយតាមមាគ៌ាដែលបានផ្ដល់ឱ្យតាមរយៈនៃការអភិវឌ្ឍរបស់ជាតិឱ្យកាន់តែល្អបន្ថែមទៀត៕