(រាជធានីភ្នំពេញ)នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនឯកឧត្តម ណាំ ទុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនឯកឧត្តម ណាំ ទុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះប្រទេសជាតិ។
ឯកឧត្តម ណាំ ទុំ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងកតញ្ញុតាធម៌គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»។
ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការប្រើប្រាស់គ្រប់យន្តការច្បាប់អន្តរជាតិ ការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។ ឯកឧត្តមបានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងសម្ដេច ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។
ទន្ទឹមនេះ ឯកឧត្តម បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីជាបទពិសោធចែករំលែកជូនដល់យុវជន មានដូចជា៖
ក.ការងារគណបក្ស ឯកឧត្តម ណាំ ទុំ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១) កម្រិតបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ នៅឆ្នាំ២០២៥ ២) ឆ្នាំ២០២៥ ទទួលបានវិញ្ញាបនបត្រពីវគ្គបណ្ដុះបណ្ដាលនៅគ្រឹស្ថានសហភាពអ៊ឺរ៉ុប។ ៣)ឆ្នាំ១៩៩៧ ទទួលបានវិញ្ញាបនបត្រពីវគ្គបណ្ដុះបណ្ដាលនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឆ្នាំ១៩៨១ ទទួលបានវិញ្ញាបនបត្រពីវគ្គបណ្ដុះបណ្ដាល នៅខេត្តបាត់ដំបង។ ឆ្នាំ១៩៨០ ទទួលបានវិញ្ញាបនបត្រពីវគ្គបណ្ដុះបណ្ដាល នៅខេត្តបាត់ដំបង។
គ.ប្រវត្តិការងារ រួមមាន៖ ១) ឆ្នាំ១៩៧៩ ជាមេភូមិ និងជាប្រធានសេនាជនឃុំ។ ២) ឆ្នាំ១៩៨៥ ជាមេឃុំក្ដុរតាហែន ស្រុកបវិល ខេត្តបាត់ដំបង។ ៣) ឆ្នាំ១៩៨៦ ជាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកបវិល។ ៤) ឆ្នាំ១៩៨៨ ជាអភិបាលស្រុកបវិល ខេត្តបាត់ដំបង។ ៥) ឆ្នាំ១៩៩០ ជាអភិបាលរងទី១ ខេត្តបាត់ដំបង។ ៦)១៩៩៣ ជាអភិបាលរងទី២ ខេត្តបាត់ដំបង។ ៧) ឆ្នាំ២០០០ ជាអភិបាលរងទី១ ខេត្តសៀមរាប និងជាប្រធានគណបក្សប្រជាជនខេត្ត។ ៨)ឆ្នាំ២០០០ ជាទីប្រឹក្សាឯកឧត្តម ស ខេង នៅគណៈរដ្ឋមន្រ្តី។ ៩)ឆ្នាំ២០០៣ ជាអភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សប្រជាជនខេត្ត។ ១០) ឆ្នាំ២០០៩ ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាប្រធានសមាគមក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ ១១) ជាលេខាធិកាគណៈកម្មការទី១ នៃព្រឹទ្ធសភា ក្នុងនីតិកាលទី៤ នៃព្រឹទ្ធសភា។ ១២) ឆ្នាំ២០២៣ ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តម បានចែករំលែកបទពិសោធ និងប្រវត្តិតស៊ូមួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖
ជាងនេះទៅទៀត ឯកឧត្តម បានចែករំលែកបទពិសោធ និងប្រវត្តិតស៊ូមួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖
1. យុវជនត្រូវចងចាំនិងដឹងគុណសន្តិភាព ថែរក្សា ការពារ និងពង្រឹងសន្តិភាព។ ពាក្យថាសន្តិភាព ងាយនិយាយ ប៉ុន្តែមិនងាយនឹងការពារ។
2. ខ្ញុំសូមគាំទ្រច្បាប់ស្ដីពីការតព្វកិច្ចយោធា “មន្ត្រីរាជការ១នាក់ ជាយោធិន ១នាក់ ប្រជាពលរដ្ឋ ១នាក់ ជាយោធិន១នាក់” ដើម្បីពង្រឹងស្មារតីស្នេហាជាតិ សាមគ្គីជាតិ និងផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ។
3. ប្រទេសខ្លាំង ត្រូវមានប្រជាជនខ្លាំង មានសមត្ថភាពខ្ពស់ ជីវភាពធូរធារ តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ។
4. ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការបម្រើយ៉ាងពេញលេញចំពោះប្រជាជន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដូច្នេះយុវជនគណបក្សត្រូវបន្តយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពប្រជាពលរដ្ឋគ្រប់រូប។
5. យុវជនត្រូវអនុវត្តតាមគម្រូដ៏អង់អាចក្លាហានរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលបានយកអាយុជីវិតជាដើមទុន តស៊ូពុះពារជំនះគ្រប់ឧបស័គ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ពោរពេញដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុសន្តិភាព ជូនជាតិមាតុភូមិ ហើយត្រូវពង្រឹងស្មារតី បណ្ដុះគំនិតស្រឡាញ់ជាតិ និងអប់រំបណ្ដុះសីលធម៌ គុណធម៌ឱ្យបានទូលំទូលាយ ព្រោះសីលធម៌ គុណធម៌ ជាគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីសាមគ្គីភាពជាតិ។
6. សូមកោតសរសើរនូវការផ្ដួចផ្ដើមគំនិតរបស់ សម្ដេចមហាបវរធិបតី ដែលបង្កើតឱ្យមានសកម្មភាពសួរសុខទុក្ខ ឥស្សរជន ដែលមានស្នាដៃ គុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ហើយសូមឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ ឱ្យបានទូលំទូលាយពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន។
ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង របស់ឯកឧត្តម ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម ណាំ ទុំនិងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕


