សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខាងមុខនេះ


តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចេញផ្សយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ប្រភពដដែល បានបញ្ជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋ ប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែ ជោគជ័យបន្ថែមទៀត។

តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបន្តថា នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួប ពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ៕