ក្រចេះ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន៥គឺ វត្តក្រចេះក្រុង វត្តភ្នំសំបុក វត្តវិហារសសរ១០០ វត្តវិហារគោក និងវត្តវិហារលាវ ស្ថិតក្នុងខេត្តក្រចេះ។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតកាទាំង ៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៥រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ (១០០គីឡូ), ទឹកសុទ្ធកម្ពុជា ៥ កេសតូច, ទឹក COCA ២ កេស, ទឹកក្រូច IZE ២ កេស, ទឹក IZE ទំពាំងបាយជូរ ២ កេស, ទឹក WURKZ ២ កេស, ទឹក EXPREZ ២ កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូលាងចាន កញ្ចប់ ២ កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោ ១ កេស, ទឹកដោះគោឆៅ ២ កេស, សាប៊ូម្សៅ ៣ ធុង, នំ ៣ កេស, ប្រេងឆា 230 ml ៦ កេស, ប្រេងឆា 1000 ml ២ ដប, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកត្រី ២យួរ, អំបិល ២ គីឡូ ស្កសរ ២ គីឡូ, ខ្ទឹមស២ គីឡូ, ប៊ីចេង ២ គីឡូ, មីកញ្ចប់ ៣ កេស, ធូប ២ ដុំ, និង ទៀនក្រមួន ២ គីឡូក្រាម។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតនិងប្រតិភូអមដំណើរក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ «កន្ទោងខៀវ» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ៕









