(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលការអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារជាមួយនឹង ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត នៃប្រទេសអាស៊ាន នៅកម្ពុជា ដោយក្នុងឱកាសនោះអ្នកឧកញ៉ា បានបង្ហាញការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងដៃគូអាស៊ាន។
ពិធីពិសារអាហារថ្ងៃត្រង់នេះ រៀបចំឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំដោយ ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា និងមានការចូលរួមពី ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត និងតំណាង នៃប្រទេសសមាជិកអាស៊ាន នៅកម្ពុជា។
ពិធីនេះបង្ហាញពីសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង នឹងចែករំលែកទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសធុរកិច្ច និងវិនិយោគដែលកំពុងមានសន្ទុះរីកចម្រើន ព្រមទាំងតួនាទីកាន់តែសំខាន់របស់វិស័យឯកជនក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
អ្នកឧកញ៉ាក៏នឹងលើកឡើងអំពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងសហគមន៍ធុរកិច្ច និងដៃគូអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ការអញ្ជើញនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់ខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វិស័យឯកជនកម្ពុជា និងជាការទទួលស្គាល់ចំពោះតួនាទីយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន៕




































