(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធ «ទិវាមច្ឆជាតិ» នៅថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋយើង និងកូនចៅជំនាន់ក្រោយរបស់យើង។
* សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។
* សម្តេចមហាបវរធិបី មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ គឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបាន មច្ឆជាតិជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាជនគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាតូច ប្រជាជនតិច ផលជលផល ឬកសិផលមានផលច្រើននាំឱ្យសល់បន្ទាប់ពីបំពេញការហូបហើយ ដូច្នេះរាជរដ្ឋាភិបាល បានប្រឹងប្រែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំចេញជលផល និងកសិផល ដែលសល់ពីការហូបនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីប្រឹងប្រែងរកទីផ្សារហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើនទៀត ជួយដល់កសិករ ដូចជាការបញ្ចេញថវិកា ៦០លានដុល្លារជួយទិញស្រូវ ការអន្តរាគមន៍បូមទឹកស្រោចស្រប់ជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម បានប្រឹងប្រែងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មច្ឆជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ជីវភាពរស់នៅ និងសេដ្ឋកិច្ចកម្ពុជា។ វាមិនត្រឹមតែជាប្រភពអាហារដ៏សម្បូរបែបដែលទ្រទ្រង់សុខភាពមនុស្សប៉ុណ្ណោះទេ ថែមទាំងជួយរក្សាស្ថិរភាពតុល្យភាពធម្មជាតិ និង ផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អឥតខ្ចោះ និងសម្បូរទៅដោយជាតិរ៉ែ កាល់ស្យូម ដែក ស័ង្កសី ផូស្វ័រ និង ម៉ីយ៉ូត, វីតាមីន A វីតាមីន D និងវីតាមីន B12, ព្រមទាំង ជាតិខ្លាញ់ល្អ (Omega-3) ដែលជួយទ្រទ្រង់មុខងារ ខួរក្បាល បេះដូង និងកាត់បន្ថយជំងឺសរសៃឈាម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារ និងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មច្ឆជាតិក្នុងទឹក ជួយរក្សាតុល្យភាពនៃការផ្គត់ផ្គង់អាហារ, ជួយសម្អាតបរិស្ថានជលផល និងធានាឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោក, មច្ឆជាតិគឺជាសសរគ្រឹះនៃប្រព័ន្ធកសិស្បៀងអាហារនៅកម្ពុជា ដែលជារៀងរាល់ឆ្នាំ បានចូលរួមប្រមាណ ៣ភាគរយ ក្នុងផសស ត្រូវបានប្រើប្រាស់ជាងកន្លះលានតោន, និង ជាប្រភពផ្តល់ប្រូតេអ៊ីន និង មីក្រូសារធាតុ ដល់ប្រជាជនកម្ពុជាជិត ៨០ភាគរយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យក «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន» គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយមាន «ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព» គឺជាមុំទី២ និង «ការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ» គឺជាមុំទី៣។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផល ប្រកបដោយចីរភាព គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា សំដៅលើកកម្ពស់ចំណេះដឹងផ្នែកកសិកម្មទំនើប និងជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មសំដៅតម្រង់ទិសអភិវឌ្ឍវិស័យកសិកម្ម តាមអនុវិស័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង និងការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី និងការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ និងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣សសរ ស្តម្ភចម្បង គឺជលផល វារីវប្បកម្ម និងការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានអ្នកបំផុសឱ្យប្រជាពលរដ្ឋប្រើឧបករណ៍ឆក់ចេញទៅនេសាទត្រីនៅបឹងទន្លេសាប។ សម្តេចបានណែនាំឱ្យមានការស៊ើបរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការពីយោធារយៈពេលពីរឆ្នាំមកនេះ ធ្វើឱ្យផលត្រីមានកំណើនច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមើលការអូសលៀសដែលអូសរាប់តោន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនចង់ប្រើកងទ័ពទៅបង្ក្រាបបទល្មើសនេសាទនោះទេ តែកម្លាំងជំនាញមានចំនួនតិច ទើបត្រូវប្រើកងទ័ពទៅជួយបន្ថែម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។ ទន្ទឹមនេះ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំង ចាត់វិធានការណ៍ច្បាប់ម៉ឹងម៉ាត់ ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និង ស្បៃមុងជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការធ្វើវារីវប្បកម្មគ្រប់រូបភាព តាមរយៈការលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និងការនវានុវត្តក្នុងអនុវិស័យវារីវប្បកម្ម, ព្រមទាំងបង្កាត់ភ្ញាស់ពូជវារីសត្វកម្រដែលប្រឈមនឹងការផុតពូជ និងផលិតកូនត្រីពូជដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ សំដៅធានាចីរភាពនៃធនធានជលផល និង សន្តិសុខស្បៀង, បង្កើនប្រាក់ចំណូលរបស់វារីវប្បករ, និង កាត់បន្ថយការនាំចូល និង សម្ពាធមកលើធនធានជលផលធម្មជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងសមត្ថភាពសមាគមវារីវប្បករកម្ពុជា តាមរយៈការតម្រង់ទិសផែនការផលិតកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការកែច្នៃនាំចេញ ដោយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដល់វារីវប្បករ និង អ្នកកែច្នៃនាំចេញផលិតផលជលផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការចុះបញ្ជីដីរដ្ឋនៅតំបន់គ្រប់គ្រងជលផល ដូចជាកន្លែងអភិរក្សជលផល, កន្លែងសហគមន៍នេសាទ ដីព្រៃលិចទឹក និងដីព្រៃកោងកាង ដែលជាជម្រកវារីសត្វពងកូន និងធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមការពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក, និង ដីព្រៃកោងកាង ព្រមទាំងជំរុញចលនាដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជម្រកសម្រាប់វារីសត្វគ្រប់ភេទ និង ធានាចីរភាពធនធានជលផលជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវគិតគូររៀបចំឱ្យមានប្រធានបទសម្រាប់ «ទិវាមច្ឆជាតិ» នៅឆ្នាំក្រោយៗ ដើម្បីផ្តល់ទិសដៅច្បាស់លាស់, ផ្តោតការយកចិត្តទុកដាក់លើបញ្ជសំខាន់ៗ និង លើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានសហការជិតស្និទ្ធជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, វិស័យឯកជន, និង ដៃគូអភិវឌ្ឍ ដើម្បីរៀបចំ «ទិវាមច្ឆជាតិ» លើកទី២១ ជាមួយការលែងកូនត្រី និង វារីសត្វ និង ការតាំងបង្ហាញនូវបច្ចេកវិទ្យាវារីវប្បកម្ម និង ផលិតផលជលផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត និងសូមគិតថា «ការអនុវត្តច្បាប់គឺមិនមែន ដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និងកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា»។































































