សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ការអូសលៀសដែលមានចំនួនច្រើនរហូតរាប់តោន កម្លាំងជំនាញតិចត្រូវបង្ខំឲ្យប្រើកងទ័ពទៅបង្ក្រាបបទល្មើសនេសាទ


(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ករណីអូសលៀសដែលមានចំនួនច្រើន រហូតដល់រាប់សិបតោនម្ដងៗ ដែលប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជានេសាទ ខណៈកន្លងទៅរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តប្រើប្រាស់កងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសនេសាទនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាមច្ឆជាតិ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឲ្យមានការគិតគូឡើងវិញ ក្នុងការប្រើប្រាស់រូបមន្ដរួមយ៉ាងណា ដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជានេសាទ ដែលប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, កន្លងទៅដោយសារកម្លាំងសមត្ថកិច្ចជំនាញ មានចំនួនមិនអាចបំពេញតម្រូវការគ្រប់គ្រាន់បាននោះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះទាំងលើគោក និងក្នុងទឹក រហូតដល់បញ្ហាព្រំដែនកងទ័ពត្រូវចេញទៅការពារបូរណភាពទឹកដីបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមមើលផងការអូសលៀស អូសម្ដង៣០-៤០តោនទាំងតូច ទាំងធំខ្ទេចទាំងអស់ ខ្ញុំបញ្ជាឲ្យកងទ័ពជើងគោកប្រចាំនៅទន្លេសាបចេញធ្វើការ។ ឥលូវកងទ័ពជើង២ឆ្នាំនេះ វាយបទល្មើសធនធានធម្មជាតិទាំងទឹក គោក ដល់រឿងព្រំដែនចេញទៅវាយរឿងព្រំដែនការពារទឹកដីទៀត។ ចូលរួមជាមួយរដ្ឋបាលជលផល ជាមួយសមត្ថកិច្ចផ្សេងៗ ជាមួយសហគមន៍ដើម្បីយើងធ្វើការជាមួយគ្នា រករូបមន្ដណាមួយដែលមានចីរភាព យើងមិនចង់ប្រើកងទ័ព ប្រើកម្លាំងបន្ថែមទៀត»

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានយល់ឃើញថា នៅពេលក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់រកឃើញនូវរូបមន្ដមួយដែលបញ្ជាក់អំពីការរួមគ្នាទទួលខុសត្រូវ នឹងអាចបង្កើនសមត្ថភាពដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមន្ដ្រីជំនាញសម្រាប់គ្រប់គ្រង ប្រសើរជាងយកកងទ័ពទៅបង្ក្រាបបទល្មើសក្នុងទឹក ខណៈកងទ័ពមានភារកិច្ចច្រើនសម្រាប់ទទួលខុសត្រូវ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋភាគច្រើន ព្រោះអ្នកដែលមានលទ្ធភាពនេសាទទ្រង់ទ្រាយធំ ហើយលទ្ធភាពអាចបំផ្លាញត្រីកម្រិតខ្ពស់នោះ គឺមានចំនួនតិចដូច្នេះប្រសិនចំនួនតិចនោះប្រព្រឹត្តខុសច្បាប់ត្រូវតែបង្ក្រាប ដើម្បីការពារឆ្នាំងបាយ ការពារអាងទឹកដែលមានត្រីកាន់តែច្រើន។

សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល កម្លាំងកងទ័ពបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងលើគោក និងក្នុងទឹក ដែលកន្លងមកបង្ក្រាបបានជាបន្ដបន្ទាប់ និងឈានទៅចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕