សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមពីយោធា ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន


(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការ ពីយោធា រយៈពេល ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន។

ការថ្លែងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរឆ្នាំនេះ បញ្ជាឲ្យកងទ័ពជើងគោកបញ្ចេញកម្លាំង ដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលមានធ្លាប់ប្រតិបត្តិការ ដោយសារទំហំធំ ការកើនឡើងនៃនេសាទ ជាពិសេសការនេសាទខុសច្បាប់ក៏មានច្រើនដែរ។ ការប្រើ​ឧប​ករ​ណ៍នេសាទកាន់តែទំនើបជាពិសេសការឆក់ ក្ដៅឆក់ត្រជាក់ ឬមួយក៏បង់សំណាញ់ ហើយមានអ្នកបំផុសប្រជាពលរដ្ឋឱ្យចេញឆក់ត្រីរាប់រយនាក់ ត្រូររកចាប់ឲ្យបានអ្នកដែលបំផុសហ្នឹង»។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នៅក្នុងរយៈពេលពីរឆ្នាំមកនេះ យើងឃើញថា ដោយសារការអភិរក្ស ការទប់ស្កាត់នេះបានត្រីឡើង កំណើនត្រីបានឡើង ហើយបញ្ហាតែមួយទេ ត្រីចុះថោក។ ប៉ុន្ដែពេលដែលត្រីឡើងថ្លៃ ឬពេលដែលត្រីខ្សត់ លំបាកទាំងអស់គ្នា បើសិនជាត្រីខ្សត់ សូម្បីតែប្រជានេសាទ ដែលនៅជាប់ទន្លេ ក៏រកត្រីមិនបានផង ហើយអ្នកទិញថ្លៃ ស៊ូសម្បូរត្រី ហើយត្រីថោកចុះ បានរស់ទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជាចំណុចគន្លឹះមួយដែលបានរួមចំណែកយ៉ាងធំធេង ដល់ការកើនឡើងនៃផលត្រី។ តាមរយៈការចូលរួមប្រតិបត្តិការ​ពីកងយោធពលខេមរភូមិន្ទ វិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមមានការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ ការនេសាទក្នុងតំបន់អភិរក្ស និងការនេសាទហួសកម្រិត ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ លទ្ធផលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ និងធានានូវនិរន្តរភាពនៃធនធានធម្មជាតិ។

បើតាមប្រភពពីអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៦ បទល្មើសនេសាទនៅកម្ពុជា ត្រូវបានបង្ក្រាបបានជាង ១០០០ករណី ដែលចំនួននេះតិចជាងឆ្នាំ២០២៥ កន្លងទៅ។ ការថយចុះនៃបទល្មើសនេសាទ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការចុះទៅផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផលដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ពីតំបន់ដែលអាចនេសាទបាន ការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ជាដើម៕