ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើយោងតាមសេចក្តីសម្រេចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោម ទៅតាមសេចក្ដីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។

ភូមិរង់ចាំ ជាឈ្មោះដ៏មានអត្ថន័យជ្រាលជ្រៅ និងបង្កប់ដោយក្តីឈឺចាប់ជាប្រវត្តិសាស្ត្រ ដែលត្រូវបានប្រសិទ្ធនាមដោយសម្ដេចតេជោ ហ៊ុន សែន បានក្លាយជាទីតាំងមួយដែលរំលឹកដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់នៃការបាត់បង់ទីជម្រក និងការតស៊ូដើម្បីរស់រានមានជីវិត។ ភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ មិនមែនត្រឹមតែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់នៃរឿងរ៉ាវដ៏កំសត់ និងការឈឺចាប់ដែលបន្សល់ទុកដោយជម្លោះព្រំដែន ដែលបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវរស់នៅក្នុងភាពស្រេកឃ្លាន និងនឹកនាចង់វិលត្រឡប់ទៅកាន់ទីជម្រកដ៏កក់ក្តៅរបស់ខ្លួន។

ប្រវត្តិសាស្ត្របានចារទុកថា ជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង បានបន្សល់ទុកនូវរបួសស្នាមយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយព្រំដែន។ ភូមិរង់ចាំ គឺជាតំណាងនៃទុក្ខវេទនានេះ ដែលប្រជាពលរដ្ឋត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ពីដីស្រែចម្ការ និងពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីស្វែងរកសុវត្ថិភាព។ ភាពស្រេកឃ្លាន ការភ័យខ្លាច និងការនឹកនាស្រុកកំណើត បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ។

ឈ្មោះ «ភូមិរង់ចាំ» នេះ គឺពិតជាស័ក្តិសមទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលតែងតែរង់ចាំដោយក្តីសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងអាចវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕