(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងទឹកដីខេត្តពោធិ៍សាត់។
ជាក់ស្តែង នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ ឯកឧតត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ និងឯកឧតត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡង ព្រមទាំងបានពិនិត្យមើលដំណើរការ និងបរិយាកាសទូទៅ នៃការប្រឡងយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងឱកាសនោះ ឯកឧតត្តម អ៊ឹម កុច និងឯកឧតត្តម ខូយ រីដា បានមានប្រសាសន៍ណែនាំ និងផ្ដល់នូវការសំណេះសំណាលប្រកបដោយការគាំទ្រ ព្រមទាំងបានផ្តាំផ្ញើ និងជូនពរប្អូនៗក្មួយៗបេក្ខជនទាំងអស់ ឱ្យមានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ក្នុងការធ្វើកិច្ចការវិញ្ញាសារឱ្យអស់ពីលទ្ធភាព។
ថ្នាក់ដឹកនាំទាំងពីរបានក្រើនរំលឹកដល់បេក្ខជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ក្នុងការប្រឡង ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិផ្ទៃក្នុង នៃការប្រឡង ក្រោមគោលការណ៍ យុត្តិធម៌ តម្លាភាព និងគុណភាព ដែលមានន័យថា «អ្នកចេះ គឺជាប់»។
បន្ថែមពីនេះ ថ្នាក់ដឹកនាំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសុខាភិបាល ក្រុមយុវជន ACU និងលោកគ្រូ អ្នកគ្រូ អនុរក្ស និងគណៈមេប្រយោគទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីយ៉ាងសកម្ម ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរ។
ថ្នាក់ដឹកនាំទាំងពីរបានជូនពរប្អូនៗក្មួយៗបេក្ខជនទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និទ្ទេសល្អ និងប្រឡងជាប់គ្រប់ៗគ្នា ដើម្បីបន្តដំណើរទៅមុខលើថ្នាក់ឧត្តមសិក្សា និងក្លាយជាទំពាំងស្នងឫស្សីដ៏ឆ្នើម ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងនាពេលអនាគត។
គួរជម្រាបជូនថា យោងតាមស្ថិតិបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តពោធិ៍សាត់ (សម័យប្រឡង ១០ សីហា ២០២៦) បានឱ្យថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តពោធិ៍សាត់មានមណ្ឌលសំណេរ សរុបចំនួន៦មណ្ឌល ដោយបានបែងចែកជាប្រភេទថ្នាក់ ដូចខាងក្រោម៖
*ថ្នាក់វិទ្យាសាស្ត្រ (ចំនួន១មណ្ឌល)៖ មណ្ឌលអនុវិទ្យាល័យ ពោធិ៍សាត់ មានចំនួន៣១បន្ទប់ បេក្ខជនសរុប៧៧៣នាក់ (ស្រី៤៨៦នាក់)
*ថ្នាក់វិទ្យាសាស្ត្រសង្គម (ចំនួន៥មណ្ឌល)៖ ទី១-មណ្ឌល អនុវិទ្យាល័យព្រែកស្តី មានចំនួន២២បន្ទប់ បេក្ខជនសរុប៥៥០នាក់ (ស្រី៣២៥នាក់), ទី២-មណ្ឌលវិទ្យាល័យ ពោធិ៍សាត់ (ជើង) មានចំនួន២១បន្ទប់ បេក្ខជនសរុប៥២៥នាក់ (ស្រី៣១៧នាក់), ៣-មណ្ឌលវិទ្យាល័យពោធិ៍សាត់ (ត្បូង) មានចំនួន២៨បន្ទប់ បេក្ខជនសរុប៧០០នាក់ (ស្រី៤១៣នាក់), ៤.-មណ្ឌលបឋមសិក្សាពោធិ៍សាត់ មានចំនួន៣៦បន្ទប់ បេក្ខជនសរុប៩០០នាក់ (ស្រី៥១៦នាក់) និង៥-មណ្ឌល អនុវិទ្យាល័យពោធិ៍សាត់ (លិច) មានចំនួន៩បន្ទប់ បេក្ខជនសរុប២២១នាក់ (ស្រី៩៨នាក់)។
ចំពោះបេក្ខជនសរុបទូទាំងខេត្តពោធិ៍សាត់ ក្នុងសម័យប្រឡងនេះ មានចំនួន៣,៦៦៩នាក់ (ស្រី២,១៥៥នាក់) ក្នុងនោះក៏មានបេក្ខជនដ៏មានតម្លៃ ជាព្រះសង្ឃចំនួន១៥អង្គ ក៏បានបួសចូលរួមប្រឡង ដើម្បីវាស់វែងចំណេះដឹងផងដែរ៕


















































