(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ ជូនឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត គីកែវ ខាយខាំភិធូន (Ki keoK haik hamphithoun) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ។
ក្នុងសារលិខិតសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានខ្លឹមសារដូចតទៅ៖ «ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហា (Xaysomphone Phom vihane) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១:១៨ព្រឹក ក្នុងជន្មាយុ៧០ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហា (Xaysomphone Phom vihane) គឺជាឥស្សរជនដ៏ឆ្នើមមួយរូបដែលបានលះបង់ពេលវេលាពេញមួយជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមបណ្ឌិតបានដឹកនាំរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយបញ្ញាញាណ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍ និងទំនើបកម្មជាតិ។ កេរដំណែលរបស់ឯកឧត្តមបណ្ឌិតនឹងស្ថិតស្ថេរក្នុងដួងចិត្តរបស់ជនរួមជាតិ និងមិត្តអន្តរជាតិ។
ឯកឧត្តមបណ្ឌិតនឹងត្រូវបានចងចាំជានិច្ចដោយការគោរពដ៏ជ្រាលជ្រៅក្នុងនាមជាអ្នកដឹកនាំគំរូ និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីសាមគ្គីភាពនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។ ការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តមបណ្ឌិត ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភារវាងកម្ពុជា និងឡាវ ក៏ដូចរណសិរ្សប្រទេសពីរកម្ពុជា និងឡាវនឹងស្ថិតនៅក្នុងដួងចិត្ត និងការចងចាំរបស់យើងខ្ញុំជានិច្ច។
ក្នុងនាមក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តមរដ្ឋាភិបាលរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្រុមគ្រួសារសព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមចំពោះការបាត់បង់ដ៏ធំធេងនេះ។
សូមវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកត្តមសាស្ត្រាចារ្យបណ្ឌិតប្រធានទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕




