(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រម្លឹកថា ពេលតែងតាំងឯកឧត្តម សរ សុពុត្រា មកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំផ្ញើថា ការដឹកនាំខេត្តមិនត្រូវមានគំនិតថា នឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ ផ្ទុយទៅវិញត្រូវគិតពីការកសាងស្នាដៃបន្សល់ទុកជូនប្រជាជន និងខេត្ត។
ការរម្លឹកបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម សរ សុពុត្រា ដូចខ្ញុំចាំនៅពេលបានទទួលតំណែងជាអភិបាលខេត្ត ជួបខ្ញុំ ខ្ញុំថា ពុត្រា គោលការណ៍ធំមួយដែលបានទទួលការងារសូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ អត់ទេណា ត្រូវគិតថាក្នុងការងារដែលខ្ញំជារដ្ឋ ជាអភិបាលខេត្ត មិនសំខាន់ថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់ថាខ្ញុំកសាងស្នាដៃអីខ្លះទុកបន្សល់ឱ្យប្រជាជនអ្នកខេត្ត ហ្នឹងហើយបានត្រូវគោលដៅ»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាអភិបាលខេត្ត មិនសំខាន់ថាត្រូវនៅប៉ុន្មានឆ្នាំនោះទេ តែសំខាន់ថាបានកសាងស្នាដៃអ្វីខ្លះទុកបន្សល់ឱ្យប្រជាជន។ ប្រសិនបើគ្រាន់តែទទួលបានតួនាទី ហើយបែរជាគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នោះមិនមែនជាគោលដៅពិតប្រាកដឡើយ។ ផ្ទុយទៅវិញ ត្រូវគិតថា តាមរយៈតួនាទីនេះ តើអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើប្រជារាស្ត្រ។ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា មន្ត្រីរាជការទាំងអស់ ជាពិសេសថ្នាក់ដឹកនាំស្ថាប័ន ត្រូវមានគោលការណ៍ និងគោលនយោបាយដឹកនាំឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ខណៈជាក់ស្តែងការខិតខំរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង គឺបានប្រែក្លាយកន្លែងវិនិយោគឯកជន មកជាកន្លែងសាធារណៈ ដើម្បីធ្វើយ៉ាងណាចែករំលែករវាងវិស័យឯកជន និងវិស័យសាធារណៈ បានរួមរស់ដោយសុខដុមរមនាទាំងអស់គ្នាជាដើម។ នេះជាឧទាហរណ៍ជាក់ស្តែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះទឹកដីខេត្តស្ទឹងត្រែង ក្នុងនាមជាអភិបាលខេត្តអាចប្រគល់ទីតាំងមួយចំនួនដល់វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ ក៏ប៉ុន្តែ ត្រូវមានការគិតគូរឱ្យបានម៉ត់ចត់។ អញ្ចឹងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាយកប្រទេសជាតិ និងប្រជាជនជាគោល មិនថានៅក្នុងកាលៈទេសៈណានោះទេ។ កុំយកតួនាទីទៅប្រើប្រាស់ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវប្រើតួនាទី និងអំណាចដែលទទួលបាន ដើម្បីសាងស្នាដៃ បម្រើប្រជាជន និងប្រទេសជាតិ។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា សម្តេចតេជោ ហ៊ុន សែន និងអតីតឥស្សរជនឆ្នើមៗរបស់កម្ពុជា បានតស៊ូរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ ក៏បានយកជីវិត និងការកសាងជីវភាពរបស់ប្រជាជនជាគោលផងដែរ។ បើមិនដូច្នេះទេ អ្នកស្នេហាជាតិរបស់យើង លះបង់គ្រប់បែបយ៉ាងកសាងប្រទេសចេញពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់៕
















































































