ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈ រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ


នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់ជា រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ និងការគាំទ្រដល់ការកសាងលិខិតបទដ្ឋានគតិយុត្តិលើវិស័យជំនឿនិងសាសនា ដែលជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀត ក្នុងការពង្រឹងភាពជាដៃគូរវាងអាណាចក្រ និងសាសនចក្រ ដើម្បីសុខុមាលភាពសង្គម ផលប្រយោជន៍សាធារណៈ និងសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។ នាទីស្តីការក្រសួង។
ការចុះហត្ថលេខាលើអនុសារណៈយោគយល់ជា រវាងក្រសួងធម្មការនិងសាសនា និងសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ មន្រ្តីរាជការក្រសួង និងសាសនា លោក Mickey Lui អគ្គនាយកកិច្ចការសាសនាចក្រប្រចាំតំបន់អាស៊ី នាយកសមាគមនៃសាសនាចក្រប្រចាំកម្ពុជា និងសមាជិ សមាជិការបស់សមាគន៍ជាច្រើនរូបទៀត។
នាឱកាសនេះ លោក Mickey Lui អគ្គនាយកកិច្ចការសាសនាចក្រប្រចាំតំបន់អាស៊ី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថា សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដោយកន្លងមកសមាគមក៏ទទួលបានការអនុញ្ញាតចុះអនុសារណៈជាមួយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤រួចមកហើយ។ ដោយឡែកការចុះអនុសារណៈនៅថ្ងៃនេះផ្តោតទៅលើការងារសំខាន់ៗដូចជា៖
ការងារមនុស្សធម៌ សុខុមនីយកម្មសាសនា ការអភិវឌ្ឍនន៏ការងារសហគមន៍ ជាមួយគម្រោង ទឹកស្អាត ការថែទាំអាហារូបត្ថម្ភ ផ្តល់ជូនរទះរុញ កសិកម្ម សម្ភារៈសិក្សា ការជួសជុលកែលំអរសាលារៀន ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានាថ្ងៃនេះ បានប្រព្រឹត្តបានប្រារព្ធឡើងបន្ទាប់ពីឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទស្សនាជាផ្លូវការនូវ «ព្រះវិហារបរិសុទ្ធភ្នំពេញ» របស់សាសនាចក្រ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេរីភាពខាងជំនឿសាសនា» ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងទទួលបានយ៉ាងស្មើភាពគ្នា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ​តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយនាំមកនូវការបង្រួបបង្រួមជាតិ និងបើកឱកាសឱ្យគ្រប់វិស័យ រួមទាំងវិស័យ​សាសនា មានការរីកចម្រើនឡើងវិញ។ ​​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តការពារ ពង្រឹង និងអភិវឌ្ឍគោលនយោបាយសុខដុមនីយកម្មសាសនា​ ដោយចាត់ទុកគ្រប់សាសនា ជាដៃគូអភិវឌ្ឍសង្គមជាតិដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ពីការចូលរួមចំណែករបស់សាសនាចក្រ តាមរយៈអង្គការមនុស្សធម៌របស់ខ្លួន (LDS Charities) ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដូចជាការជួយសាងសង់សាលារៀន ការផ្ដល់អណ្ដូងទឹកស្អាត និងប្រព័ន្ធចម្រោះទឹកនៅតាមជនបទ ការឧបត្ថម្ភរទេះរុញសម្រាប់ជនពិការ កម្មវិធីថែទាំសុខភាពមាតានិងទារក ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ដែលបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សកម្មភាពទាំងអស់នេះ បានចូលរួមចំណែក យ៉ាងសំខាន់ និងស្របនៅយុទ្ធសាស្រ្តបញ្ចាកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពប្រកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
ដើម្បីលើកកម្ពស់សុខដុមនីយកម្មសាសនា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាចក្រ និងសាសនចក្រ ឯកឧត្តម​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលយើងចុះហត្ថលេខានាថ្ងៃនេះ នឹងបម្លែងទៅជាផែនការសកម្មភាពសម្រាប់ការអនុវត្តជាក់ស្ដែងនាពេលខាងមុខពោលគឺ៖
១. ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ សម្រាប់ការអនុវត្តគម្រោងមនុស្សធម៌ និងអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
២. លើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ តាមរយៈគម្រោងទឹកស្អាត អនាម័យ សុខភាព ការអប់រំ និងកសិកម្មទំនើប។
៣. គាំទ្រដល់ក្រសួងធម្មការនិងសាសនា ក្នុងការតាក់តែងច្បាប់ស្តីពីជំនឿនិងសាសនា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
៤. រួមចំណែករក្សា និងលើកកម្ពស់សុខដុមនីយកម្មសាសនា នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
៥. ពង្រឹងយន្តការសម្របសម្រួល តាមដាន វាយតម្លៃ និងរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីធានាតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។

ឯកឧត្តម​ សង្ឃឹមយ៉ាងមុតមាំថា សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងបន្តខិតខំអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ដោយធ្វើការពិគ្រោះយោបល់ជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងគោរពច្បាប់ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិខ្មែរ និងអនុវត្តប្រកបដោយផ្លែផ្កា ជាប្រយោជន៍ជាក់ស្ដែងវិស័យធម្មការនិងសាសនា សហគមមូលដ្ឋាន និង សង្គមជាតិទាំងមូល។ ជាមួយគ្នានេះ អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគមបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាពនៃព្រព័ន្ធតួអង្គតែមួយក្រោមស្មារតី រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីលើកម្ពស់គុណតម្លៃនៃសាសនា សីលធម៌ សង្គម និងអត្តសញ្ញាណជាតិ។