នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ពិធីក្រុងពាលីសុំសេចក្តីសុខសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីបន្ថែមស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ថែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោក អភិបាលរងខេត្ត, តំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, លោកអភិបាលរងក្រុង, លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត, លោក-លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត ព្រមទាំងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធ និងក្រុមកាងារបច្ចេកទេសសាងសង់ជាច្រើនរូបទៀត។
ឯកឧត្តមគណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីគោរព និងបួងសួងសុំសេចក្តីសុខសប្បាយ និងភាពជោគជ័យសម្រាប់គម្រោងសាងសង់ទាំងមូល។ ជាគ្នានោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និង ឯកឧត្តម វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ បានអញ្ជើញបុកគ្រឹះជាផ្លូវការ និងស្រោចទឹកជ័យមង្គល ដើម្បីប្រកាសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀង ចាប់ពីពេលនេះតទៅ។ ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ សម្រាប់ខេត្តស្វាយរៀង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន។
សូមជម្រាបជូនថា ទីលាននេះមិនត្រឹមតែសម្រាប់បម្រើដល់ការហ្វឹកហាត់ និងការប្រកួតកីឡាផ្សេងៗទាំងក្នុងកម្រិតខេត្ត និងជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋចូលមកហាត់ប្រាណ ដើម្បីសុខភាព និងជាកន្លែងកម្សាន្តផងដែរ។
យោងតាមគម្រោងបច្ចេកទេស ពហុកីឡដ្ឋាននេះនឹងត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព សម្រេចបានតាមផែនការដែលបានកំណត់ទុក៕

















