សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ​នៅក្នុងស្រុកកំពង់រោទិ៍


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ​នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីនោះ លោក ស៊ី អ៊ីជុង ប្រធានដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ក៏បានលើកឡើងថា ក្រុមគ្រូពេទ្យរបស់លោកបានដំណើរការព្យាបាលដោយ ឥតគិតថ្លៃនៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ២៤ឆ្នាំ មកហើយ និងមានបេសកម្ម ជួយដល់ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ។ លោកបានបន្តទៀតថា ចំណែក្នុងថ្ងៃនេះ​ក៏មានក្រុមគ្រូពេទ្យមកពី ប្រទេសចិន ម៉ាឡេស៊ី និង កោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ សរុបចំនួន ១៣៥នាក់ ដោយធ្វើការព្យាបាលរយៈពេលចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២៦ គឺនៅស្រុកកំពង់រោទិ៍ និងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិរឹតតែមានការរីកចំរើន ថ្កុំថ្កើន ជឿនលឿន​ និង ប្រជាពលរដ្ឋមានសុខភាពល្អបរិបូណ៍។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលទទួលបានការព្យាបាលដោយឥតគិតថ្លៃហើយ នឹងត្រូវទទួលបានអង្ករក្នុងម្នាក់ៗ ១០គីឡូក្រាមផងដែរ។
មានប្រសាសន៍ទៅកាន់ពិធីទាំងមូល សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន ថ្លែងនូវការកោតសសើរ​ចំពោះ​ទឹកចិត្តនិងបានគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ថវិកា និងការជួយពិនិត្យព្យាបាលដល់ ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃបានជាច្រើនខេត្តនៅ​ក្នុង​ព្រះរាជណាចក្រកម្ពុជា​ រួមទាំង ខេត្តស្វាយរៀងនាពេល​នេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលកូវីដ១៩ មូលនិធិ​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត ក៏បានជួយដល់ សមាគម​នារីកម្ពុជា ដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ ខេត្តស្វាយរៀងនូវស្បៀងអាហារមួយចំនួនផងដែរ។ សកម្មភាពទាំងនេះបាន​​បង្ហាញ​អំពីការចូលរួមយ៉ាងសកម្មរបស់គ្រួពេទ្យ​សប្បុរសធម៌ ដែល​បាន​ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងដោយក្តីស្រឡាញ់​ និង​មេត្តា​ធម៌។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តំាផ្ញើរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើ​អនាម័យ​រស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសាទឹកឆ្អិន និង​បរិភោគ​អាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ដើម្បី​ជៀសវាង​ជំងឺ​ដង្កាត់​ផ្សេងៗ។ មួយវិញទៀត នៅពេលបងប្អូនដែលទទួលបានថ្នាំ និងការព្យាបាល​នាថ្ងៃនេះ សូមប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមកម្រិត និងគោរពតាមការ​ណែនាំ​​របស់​ក្រុមគ្រូពេទ្យ ដើម្បីឱ្យការព្យាបាលទទួលបាន​ប្រសិទ្ធ​ភាព​។ សម្រាប់ប្រជាពលរដ្ឋដែលទទួលបានការព្យាបាលថ្ងៃនេះក៏ទទួលបានការឧបត្ថម្ភ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៣ម៉ឺនរៀល៕