ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី​សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងការ​អភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែង​ឆ្ងាយ និងភាព​ប្រាកដ​និយម​របស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគី​ពាក់​ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃ​ណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់​ខ្ជួន​នូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់​បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹង​និងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែល​ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋា​ភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខ​សន្តិភាព ស្ថិរភាព ប្រជា​ជន​រស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការ​រើស​អើង ការ​ប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សា​ផ្សេងៗ​ទាំង​នៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដែលជាកម្មវិធីផ្តល់ការអប់រំ តាម​រយៈ​ព្រះធម៌ទេសនា ការស្រាវជ្រាវចងក្រងប្រវត្តិវត្តអារាមនៅ​ទូទាំងប្រទេសក្បួន​តម្រា​ផ្សេង​ៗ ការបោះ​ពុម្ព​សៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យ ពុទ្ធិកសិក្សា កម្មវិធីទស្សនទានព្រះ​ពុទ្ធ​​សាសនា ការផលិត​វីដេអូខ្លី ដើម្បីការអប់រំសីលធម៌ ចរិយាធម៌ ការបង្ហាញពីវិធីប្រតិបត្តិតាម ទំនៀមខ្មែរ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងនៅតាមទីសាធារណៈហើយនោះ ការបើកវគ្គបណ្តុះ បណ្តាលតួនាទី ភារកិច្ច និង​ក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមក ក៏ចាត់ទុកជា កម្មវិធីអាទិភាពមួយ ដែលទទួល​បាន​នូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួង​ធម្មការ និងសាស​នា។ លទ្ធផលទាំងនេះ កើតចេញពីស្មារតីនៃ​ការ​អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ។

កត្តានេះ ជំរុញឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីបុរេ​ស​​កម្ម ខិតខំស្រាវជ្រាវឯកសារ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យ ដែលមាន​ចំណេះ​ដឹង ចងចាំ​បាន​​ច្បាស់លាស់នូវពិធីកម្មនានា មានសមត្ថភាពជំនាញខ្ពស់ និងបទពិសោធន៍ជ្រៅ​ជ្រះដើម្បីចូលរួម​បើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោល​ដៅតម្រង់ ទិសទៅលើ​ការ​ដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធី អាពាហ៍ពិពាហ៍ ឱ្យ​មានលក្ខណៈត្រឹមត្រូវជួយបំពេញ​បន្ថែមដល់ អាចារ្យ អាចារិនី នៅតាមមូលដ្ឋានឱ្យកាន់តែ​មាន​ចំណេះដឹង ទូលំទូលាយ បង្កលក្ខណៈ​ងាយ​ស្រួលក្នុងការយកទៅអនុវត្ដឱ្យស្រប ទៅនឹងក្បួន​ច្បាប់ ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យមាន​ការយល់ស្របជាទម្រង់នៃការប្រតិបត្តិ ពីតំបន់មួយទៅតំបន់ មួយនៅទូទាំងប្រទេស។

គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌​អាចារ្យខ្មែរ បានចំនួន ៥៣វគ្គ រួចមកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី ព្រះសង្ឃបាន​ចូល​មកសិក្សា ចំនួនសរុប ១៤ ២៩៨អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ១ ១២៤ព្រះអង្គ អាចារិនី ២៣២នាក់។

ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផល​បាន​សង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១៖ ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់
គ្រូឧទ្ទេសាចារ្យ។
២៖ ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។
៣៖ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និង​ការផ្លាស់ប្តូរមតិយោបល់គ្នា។
៤៖បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមាន​លក្ខណៈ​ផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។
៥៖ យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។
៦៖ អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។
៧៖ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យ​ស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។

ជារួមក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាម​រយៈ​ការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀម​ទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធី​មង្គល​ផ្សេងៗ ពិតជាមាន​ការចូល​រួម​កែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជា​ជន៕