ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែនស៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅសាលប្រជុំ VIP សាលាខេត្ត នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានជម្រាបជូន ឯកអគ្គរដ្ឋទូតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈកាលកន្លងមកនេះរដ្ឋបាលខេត្តរតនគិរីបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិ នានា និងគោលនយោបាយថ្មីៗស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្លើយតបនឹងការវិវត្តន៍ នៃភាពជឿនលឿនរបស់សង្គម ជាតិក្នុងយុគសម័យឌីជីថល។
ឯកឧត្តម បន្តថា បច្ចុប្បន្ន ខេត្តរតនគិរី ក្រោមការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានកំពុង អនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណា ចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨” ដោយបានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យ សក្តានុពលផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះកម្មវិធីពិសេសកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធ ផល និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែនស៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តរតនគិរី គណៈប្រតិភូមានគោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តរតនគិរី។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលខិតខំសម្រេចបាននូវការអភិវឌ្ឃន៍មួយប្រកបដោយចីរភាពរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលដ៏សំបូបែបរបស់ខេត្តរតនគិរី៕




