ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី សម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា នៅថ្ងៃទី២១ ខែសីហា


(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រកម្ពុជា។

«វិមានសាមគ្គីភាព» គឺជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា ដែលបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ និងត្រូវបានសាងសង់ឡើងដោយផ្អែកលើរចនាបទខ្មែរទាំងស្រុង។ អគារនេះស្ថិតក្រោមការដឹកនាំកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

មុនពេលប្រារព្ធព្រះរាជពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារ «វិមានសាមគ្គីភាព»

ព្រះរាជពិធីសម្ពោធនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ត្រូវបានចាត់ទុកជាព្រះរាជពិធីដ៏មានសារៈសំខាន់មួយ ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មហោឡារិក មានកិត្តិយស និងកិត្យានុភាពជាតិ៕