សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ អប់រំអ្នកផ្តល់សេវាសំអាងការ ត្រូវប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យត្រូវក្បួនខ្នាត ជៀសវាងច្រលំអត្តសញ្ញាណ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យត្រូវក្បួនខ្នាត ជៀសវាងច្រលំអត្តសញ្ញាណ ដោយកន្លងមក ធ្លាប់ជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ​ឱ្យអប់រំអ្នកផ្តល់សេវាសំអាងការត្រូវប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដោយជៀសវាងការយកលំនាំតាមប្រទេសជិតខាងដោយគ្រាន់តែឃើញស្អាត ឬទំនង។

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ​ដោយសារសម្លៀកបំពាក់ប្រពៃណីខ្មែរ មានលក្ខណៈស្រដៀងគ្នាជាមួយប្រទេសជិតខាង ដូច្នេះចាំបាច់ត្រូវមានការបណ្តុះបណ្តាល និងពន្យល់ឱ្យបានច្បាស់លាស់ ​ដើម្បីកុំឱ្យមានការភាន់ច្រឡំ ឬចម្លងខុស ដែលអាចនាំឱ្យបាត់បង់អត្តសញ្ញាណជាតិ។​

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រឿងសម្លៀកបំពាក់ប្រ​ពៃណីយើងស្រ​ដៀងគ្នា អ៊ីចឹងត្រូវបណ្តុះបណ្តាល។ ឧទាហរណ៍ភ្នួង ត្រូវពន្យល់គាត់ឱ្យយល់ថា ស្អីជាស្បៃរបស់យើង ស្អីជាស្បៃរបស់អ្នកជិតខាង អាបន្តិចៗហ្នឹង ប្រយ័ត្នគាត់អត់ដឹង គាត់ទៅមើល​យូរធូប ឃើញស្អាតហើយទិញមក ទិញមកអត់ស្រួលទេ ចង់មិនចង់អ្នកជិតខាង គេថាអរគុណណាស់ដែលបានប្រើស្បៃគេ សាសនាដូចគ្នា ប្រយ័ត្នតែក្លាយ អ៊ីចឹងសូមតែធ្វើមិចឱ្យមានក្រិតក្រម»។

សម្តេចបវរធិបតី ​បានគាំទ្រការបណ្តុះបណ្តាលតាម​ឌីជីថល តាមរយៈ​ការធ្វើវីដេអូផ្សព្វផ្សាយជាប្រចាំ ដោយមិនចាំបាច់តែធ្វើក្នុងថ្នាក់ឡើយ។

​សម្តេចទទួលស្គាល់ថា វប្បធម៌ទំនៀមទម្លាប់ អាចនឹងមានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសការរៀបចំពិធីមង្គលការ​​ តែយ៉ាងណាការប្រែប្រួលទាំងនោះត្រូវតែស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន និងមានក្រិតក្រមច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់អត្តសញ្ញាណ ឬការចម្លងអត្តសញ្ញាណខុស។ សម្តេចបានសង្កត់ធ្ងន់ថា វប្បធម៌ និងទំនៀមទម្លាប់ គឺជាអ្វីដែលធ្វើឱ្យប្រទេសជាតិមួយមានលក្ខណៈពិសេស ខុសប្លែកពីគេ ទោះបីជាបច្ចេកវិទ្យាធ្វើឱ្យមនុស្សស្ទើរតែស្រដៀងគ្នាក៏ដោយ។

បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងធម្មការ និងសាសនា ឱ្យពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសដល់ប្រតិបត្តិករ ក្នុងការរៀបចំពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ ឱ្យស្របតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕