សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចព្រមទទួលស្តាប់ទាំងអស់ រាល់ការវិភាគ និងការឱ្យយោបល់ពីសំណាក់អ្នកវិភាគ និងបញ្ញាវន្តទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដែលមិនចាំបាច់ទាល់តែស្របនោះទេ ដែលចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលចាប់អារម្មណ៍ តែយ៉ាងណារាល់ការវិភាគ និងឱ្យយោបល់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ កុំវិភាគបែបស៊ីអារម្មណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ យើងជជែកគ្នាច្រើនរឿង ដោយគាត់បានសួរដេញដោល រឿងប្រទេសជាតិ រឿងសេដ្ឋកិច្ច រឿងសង្គម ព្រំដែនអីផ្សេងៗ ប៉ុន្តែគាត់ត្រឡប់សួរខ្ញុំថា មានបញ្ញាវន្តនៅក្រៅប្រទេស និងក្នុងប្រទេសច្រើន តែមិននៅក្នុងរដ្ឋាភិបាលទេ តែគេចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើខ្ញុំទទួលឫអត់? ខ្ញុំថា ខ្ញុំមិនដែលអត់ទទួលទេ បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ អត់ស្តាប់ទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើវិភាគច្បាស់លាស់ដោយមានផ្អែកលើមូលដ្ឋានត្រឹមត្រូវ អត់ចាំបាច់ស្របនោះទេ ហើយសម្តេចគឺចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹងផងដែរ ដែលនេះគឺល្អជាងចំណុចស្រប ដែលសម្តេចបានដឹងរួចហើយ ដោយគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ គឺសម្តេចបានដឹងទិសហៅរួចហើយ ក្នុងនោះសម្តេចក៏ចង់បានការវាយតម្លៃមួយផងដែរ ដូចនេះគឺស្វាគមន៍ទាំងអស់រាល់ការផ្តល់យោបល់ និងការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការអប់រំ ការបើកចិត្ត ការទទួលយក ការគោរពគ្នាទៅវិញ ទៅមកគឺជាកិច្ចការសំខាន់ មិនថាជានាយករដ្ឋមន្ត្រី ជាមួយអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែមានការបើកចិត្តទទួលយកដូចគ្នា។

សម្តេចបញ្ជាក់ដូចនេះថា «ដូចខ្ញុំនិយាយចឹង បើនិយាយមានហេតុផលជាមួយខ្ញុំ ខ្ញុំនិយាយ តែបើជេរខ្ញុំអត់ស្តាប់ទេ ព្រោះស្តាប់ធ្វើអីនាំតែក្តៅឆេវ, ចឹងអ្នកដែលបង្កើតកំហឹងខ្លួនឯង ចេញមកជេរយើង ឱ្យយើងក្តៅ យើងបរាជ័យ ចឹងកុំស្តាប់តែម្តងឱ្យឆេះខ្លួនឯងទៅ តែបើនិយាយមានហេតុផល ហើយមិនចាំបាច់ស្របនោះទេ ត្រូវដាក់មកគោលនយោបាយត្រូវដោះស្រាយយ៉ាងមិច តើមានបញ្ហាយ៉ាងណា? កន្លែងណាខ្ញុំពន្យល់បានយើងជជែកគ្នា ចឹងយើងទទួល កុំស៊ីអារម្មណ៍ជាមួយខ្ញុំ ខ្ញុំអត់លេងទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប​ញ្ជាក់ដែរថា បើជាអ្នកវិភាគត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ បើសិនជាមានអ្នកសង្គម ប្រជាពលរដ្ឋ សម្តេចតែងតែស្តាប់ រាល់ពេលប្រជាពលរដ្ឋបានដាក់សារតាមបណ្តាញសង្គម Facebook សម្តេចតែងតែទទួល កន្លែងណាអាចជួយដោះស្រាយបាន សម្តេចនឹងជួយដោះស្រាយ ដោយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលគឺត្រូវការការទុកចិត្តពីប្រជាពលរដ្ឋផងដែរ៕