ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២%


នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះក៏មានការចូលរួមពីនិស្សិតផ្នែកវិស្វកម្មចំនួន ២០នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដើម្បីចុះសិក្សា និងដកស្រង់បទពិសោធន៍ផ្ទាល់នៅលើការដ្ឋានគម្រោងអភិវឌ្ឍន៍ធនធានទឹកដ៏សំខាន់មួយនេះផងដែរ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២២%។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ សាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។

សូមបញ្ជាក់ថា នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ ជាពិសេសផ្ដល់ទឹកស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពល ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវៈចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីក្នុងតំបន់ឱ្យកាន់តែសម្បូរបែបផងដែរ៕