ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រីជំរឿនដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទួលគោក កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ បានចុះ ទៅភូមិគ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្របពេលដែលមន្ត្រីជំរឿននៅទូទាំង ប្រទេសបាន និងកំពុងធ្វើសកម្មភាពជំរឿនប្រជាពលរដ្ឋទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចងក្រងទិន្នន័យប្រជាពលរដ្ឋសម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេស។
មន្ត្រីជំរឿនបានបញ្ជាក់ថា ការជំរឿនត្រូវរៀបចំជា សំណួរសួរពាក់ព័ន្ធនឹងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងការជំរឿននៅក្នុងភូមិគ្រឹះសម្ដេចនេះ ក្រុមការងារត្រូវដាក់ ជាសំណួរទៅលើសមាជិកទាំងអស់នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបម្រើ អង្គរក្ស ដោយសួរពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើផ្ទះសម្បែងអគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនឹងការបង្ហាញអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ រាជធានីភ្នំពេញ ពិសេស ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយក ចិត្តទុកដាក់ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យមានការអភិវឌ្ឍរីកចម្រើន។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំ យើងត្រូវតែធ្វើជាមន្រ្តីគំរូ ដោយត្រូវសហការជាមួយមន្រ្តីជំរឿន ដើម្បីផ្តល់លទ្ធភាពឱ្យមន្រ្តីជំរឿនចងក្រងទិន្នន័យ ប្រជាពលរដ្ឋច្បាស់លាស់សម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេសជាតិ។
ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំស្ដីពីការអនុវត្ត ការងារធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញឆ្នាំ២០១៩ដោយ បានបញ្ជាក់ថា គ្រប់ទីតាំង អង្គភាព ស្ថាបន័ឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់ឡាន កំពង់ផែ ព្រលានយន្តហោះ ជាដើមដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្តល់ កិច្ចសហការជាមួយ មន្ត្រីជំរឿនក្នុងការធ្វើសម្ភាសន៍អំពីជំរឿននេះ៕