ឯកឧត្ដម ហួត ហៃ ដឹកនាំមន្ដ្រីជំរឿនចុះសម្ភាសន៍នៅភូមិគ្រឹះសម្ដេច ហេង សំរិន


ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ -ក្រុមមន្ត្រីជំរឿន ដឹកនាំដោយឯកឧត្ដម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌចំការមន នៅរសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានចុះផ្ទាល់ដល់ភូមិគ្រឹះសម្តេចអគ្គមហាពញាចក្រក្រី​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្របពេលដែលមន្ត្រីជំរឿន​នៅទូទាំងប្រទេស បាននិងកំពុងអនុវត្តន៍សកម្ម ភាពជំរឿនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដែលមន្រ្តីជំរឿនបានចុះផ្ទាល់ដល់ភូមិគ្រឹះសម្ដេចអគ្គមហាពញាចក្រក្រី ហេង សំរិន ដោយក្រុមការងារ នៃមន្រ្តីជំរឿនបានជម្រាបជូនសម្ដេច ពីគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ការធ្វើជំរឿនត្រូវរៀបចំ ជាសំណួរពាក់ព័ន្ធ​នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿន នៅក្នុងភូមិគ្រឹះសម្ដេចនៅពេលនេះក្រុមការងារត្រូវបានដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់ នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបម្រើ អង្គរក្ស ដោយសួរពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើ​ផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីជំរឿន បានបញ្ជាក់ថ ៖ ក្រុមមន្រ្តីជំរឿនមិនបង្ខំ តម្រូវឱ្យមាន អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតរបស់ប្រជាពលរដ្ឋ មកបង្ហាញនោះទេ ។

សម្តេច ហេង សំរិន បានផ្តល់នូវបទសម្ភាសន៍ដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសន៍សម្តេច ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិកក្រុមគ្រួសារសម្តេច ដល់មន្ត្រីចុះធ្វើជំរឿន។ ជាមួយគ្នានោះ សម្តេចក៏បានរម្លឹក នូវអតីតកាលពាក់ព័ន្ធនឹងប្រវត្តតស៊ូ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍របស់សម្តេចផងដែរ៕