ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» នៅទីស្ដីការក្រសួង។ ក្នុងឱកាសនេះ អង្គប្រជុំបានស្តាប់ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលនិងទស្សនទានគន្លឹះសំខាន់ៗយ៉ាងផុសផុលទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើវឌ្ឍនភាពនៃការរៀបចំការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ឱ្យកាន់តែមានភាពពេញលេញ។
មានប្រសាសន៍ដឹកនាំក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំរៀបចំនិងធ្វើបច្ចុប្បន្នភាពឯកសារទស្សនាទានដ៏មានសារៈសំខាន់និងអាទិភាពនេះជាបន្តបន្ទាប់ និងបានផ្តល់អនុសាសន៍ដល់អង្គប្រជុំលើការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ការស្រាវជ្រាវនិងរៀបចំឯកសារនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងដកស្រង់បទពិសោធនិងការអនុវត្តល្អៗនៃប្រព័ន្ធអធិការកិច្ចរបស់បណ្តាប្រទេសនានា ដើម្បីរៀបចំឯកសារទស្សនាទាននេះឱ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកអំពីការខិតខំបន្តពង្រឹងសមត្ថភាពមន្រ្តីរាជការ ការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិអធិការកិច្ច និងការធ្វើទំនើបកម្មស្ថាប័នឱ្យទាន់ការវិវឌ្ឍរបស់សង្គម និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល។












