សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រ-សហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិត និង ផ្គត់ផ្គង់ផលិតផលឱ្យបានច្រើន ប្រកបដោយគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ ជាពិសេស ប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព, ម៉្យាង និង ម៉្យាងទៀត, អ្នកប្រើប្រាស់ក្នុងស្រុក, ទាំងគេហជន និង រោងចក្រ-សហគ្រាស, ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម, បង្កើនតម្លៃបន្ថែម, និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិជារួម ។

រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និង តម្លៃបន្ថែមក្នុងស្រុក, ជំរុញសហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាសធុនមីក្រូ តូច និង មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល» ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផលិត និងការប្រើប្រាស់ផលិតផលជាតិ ព្រមទាំងបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) បង្ហាញស្នាដៃ ផលិតផលសម្រេច សេវាកម្ម និងការច្នៃប្រឌិតថ្មីៗរបស់ផលិតករខ្មែរមកពីគ្រប់ទិសទីទូទាំងប្រទេស។

សូមរួមគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការជ្រើសរើសទិញ និងប្រើប្រាស់ ឱ្យបានច្រើនតាមលទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងស្មារតីស្នេហាជាតិ ជំរុញផលិតកម្មក្នុងស្រុក និងបង្ហាញពីមោទនភាពចំពោះស្នាដៃផលិតករខ្មែរ។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណ ចំពោះសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានផ្តួចផ្តើម និងរៀបចំព្រឹត្តិការណ៍នេះឡើង ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងសកម្មក្នុងការរៀបចំឱ្យពិព័រណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ។