នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារអបអរសាទរជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងទិវាកំណើតកងយោធពលខេមរភូមិន្ទ


នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសម្ដែងនូវក្តីសោមន៍ស្សរីករាយ ចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជានិវត្តន៍ជនយោធិនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរ សុខទុក្ខដល់យោធិន និងក្រុមគ្រួសារដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌល សុខភាព ឬតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ។

ទិវាជាប្រវត្តិសាស្ត្រនេះ ជាការរំលឹកនូវកតញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណា ព្រះមហាវីរបុត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជូនជាតិមាតុភូមិ និងការបង្កើតកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ហើយក៏ជាការ រំលឹកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារីកងទ័ព ដែលបានតស៊ូឆ្លងកាត់ឧបសគ្គដ៏ ស្មុគស្មាញជាច្រើន បង្កើតនូវស្នាដៃ និងសមិទ្ធផលឥតគណនា ពិសេសការបន្សល់ទុកនូវគំរូវីរភាពដ៏ឧត្ដុង្គឧត្តម មិនអាចកាត់ថ្លៃបានរបស់បុព្វបុរសរៀមច្បងកងទ័ពគ្រប់ជំនាន់ ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ សូមប្រកប ដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕