ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ និងក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកគិរីវង់ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តចំនួន៥០។
ពិធីបុណ្យដ៏ថ្លៃថ្លានេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន បុព្វការីជន ញាតកាទាំងប្រាំពីរសណ្តាន និងវីរយុទ្ធជនដែលបានពលីដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
ក្រុមការងារចុះមូលដ្ឋានទាំង១២ឃុំ បាននាំយកទេយ្យទាន និងបច្ច័យ ក្រុមគ្រួសារសម្តេចវិបុលបញ្ញាសុខ អាន, ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ, ក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ ទៅប្រគេនព្រះសង្ឃទាំង៥០វត្ត។
ការប្រគេនទេយ្យទាននេះ គឺដើម្បីបួងសួងសុំសេចក្តីសុខចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងប្រទេសជាតិទាំងមូលបានសុខសាន្តជានិច្ចនិរន្តរ៍។ ស្ថិតក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ក្រុមការងារបានវេរទេយ្យទាន និងបច្ច័យទាំងអស់ប្រគេនព្រះសង្ឃដោយផ្ទាល់ដៃ។
វត្តទាំង៥០ នៅក្នុងឃុំទាំង១២ នៃស្រុកគិរីវង់ដែលទទួលបានទេយ្យទាន និងបច្ច័យ រួមមាន ឃុំអង្គប្រាសាទ ចំនួន៥វត្ត, ឃុំព្រះបាទជាន់ជុំ ចំនួន៣វត្ត, ឃុំកំណប់ ចំនួន១វត្ត, ឃុំកំពែង ចំនួន៦វត្ត, ឃុំគិរីចុងកោះ ចំនួន១វត្ត, ឃុំគោកព្រេច ចំនួន៧វត្ត, ឃុំភ្នំដិន ចំនួន២វត្ត, ឃុំព្រៃអំពក ចំនួន៤វត្ត, ឃុំព្រៃរំដេង ចំនួន៧វត្ត, ឃុំរាមអណ្តើក ចំនួន៣វត្ត, ឃុំសោម ចំនួន៥វត្ត និងឃុំតាអូរ ចំនួន៦វត្ត។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់របស់ប្រទេសកម្ពុជា ដែលតែងត្រូវបានប្រារព្ធឡើងពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ទំនុកបម្រុងព្រះសង្ឃ ពង្រឹងសាមគ្គីភាពក្នុងសង្គម និងបណ្តុះស្មារតីកតញ្ញុតាធម៌ ដល់កូនចៅជំនាន់ក្រោយឲ្យចេះដឹងគុណដូនតា និងបុព្វការីជន៕









































