គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បញ្ចប់បេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឌូម៉ានៅសហព័ន្ធរុស្ស៊ី ប្រកបដោយជោគជ័យ


គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ក្នុងបេសកកម្មសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៃសភាឌូម៉ា អាណត្តិទី៩ របស់សហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

គណៈប្រតិភូដែលមានសមាសភាពជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល បានចូលរួមស្តាប់បទបង្ហាញអំពីច្បាប់ ប្រព័ន្ធបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតរយៈពេល ៣ថ្ងៃ ដែលផ្តល់ឱកាសឱ្យប្រជាជនរុស្ស៊ីទាំងក្នុងនិងក្រៅប្រទេស អាចចូលរួមបោះឆ្នោតបានយ៉ាងទូលំទូលាយ។

ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឌូម៉ានេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១០គណបក្ស រួមមាន គណបក្សរុស្ស៊ីរួបរួម (United Russia Party) គណបក្សប្រជាធិបតេយ្យសេរី (LDPR) គណបក្សប្រជាធិបតេយ្យផ្ទាល់ គណបក្សបៃតង (The Green) គណបក្សសង្គមនិយមរុស្ស៊ីស្មើភាព គណបក្សរ៉ូឌីណា (RODINA) គណបក្សកុំមុយនីស្តសហព័ន្ធរុស្ស៊ី (CPRF) គណបក្សនិវត្តជនដើម្បីយុត្តិធម៌សង្គម គណបក្សកុំមុយនីស្តដើម្បីរុស្ស៊ី និងគណបក្សប្រជាជនថ្មី។

ក្នុងអំឡុងបេសកកម្ម គណៈប្រតិភូកម្ពុជាបានចុះទៅសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតចំនួន៨ ក្នុងទីក្រុងម៉ូស្គូ ដោយបានជួបផ្ទាល់ជាមួយតំណាងគណៈកម្មការរៀបចំការបោះឆ្នោត និងបានសង្កេតឃើញថា ដំណើរការរៀបចំការបោះឆ្នោតបានប្រព្រឹត្តទៅដោយសមធម៌ បើកចំហ និងស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាននៃសហព័ន្ធរុស្ស៊ី។

គណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ខ្លួនតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្កេតការណ៍បោះឆ្នោតក្នុងតំបន់ និងសកលលោក ដើម្បីចូលរួមលើកកម្ពស់តម្លៃសិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោត។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះប្រជាជនរុស្ស៊ី ចំពោះជោគជ័យនៃការបោះឆ្នោត និងជូនពរគណបក្សរុស្ស៊ីរួបរួម ដែលទទួលបានជ័យជម្នះដោយទទួលបានសំឡេងភាគច្រើនផងដែរ៕