សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានសេចក្តីក្រៀមក្រំនិងក្ដុកក្ដួលបំផុត បន្ទាប់ពីបានទទួលដំណឹងថា ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧៖០៣ព្រឹក នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង១២៖០៣នាទីថ្ងៃត្រង់ នៅប្រទេសកម្ពុជា ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយ សមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយមនោសញ្ចេតនាសោក្ខស្តាយដ៏ជ្រាលជ្រៅបំផុត ព្រោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងស្ថាប័នព្រឹទ្ធសភានាពេលកន្លងមក ឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន។
យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

