ក្រសួងទេសចរណ៍ កោតសរសើរ និងវាយតម្លៃខ្ពស់គំនិតផ្ដួចផ្ដើមគំនិតរបស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលរៀបចំផលិត «ស្បៃខ្មែរ» ជូនគណៈប្រតិភូចូលរួមប្រជុំហ្វ្រងកូហ្វូនី


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានរៀបចំផលិត «ស្បៃខ្មែរ» ជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងដំឡើងពន្លាជាតិ ស្តង់ពិព័រណ៍ ស្តង់ម្ហូបអាហារ ឆាកសម្តែងសិល្បៈចម្រុះ ព្រមទាំងទីតាំងសម្រាប់រៀបចំសន្និសីទ និងសិក្ខាសាលាពហុបំណង នៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» ដែលមានទីតាំងនៅសួនវត្តបទុមវតី រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ការរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងភូមិហ្វ្រង់កូហ្វូនី កំពុងប្រព្រឹត្តទៅតាមផែនការគ្រោងទុក ដោយក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព សោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។

សូមជម្រាបថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាមួយសម្រាប់បង្ហាញពីវប្បធម៌ សិល្បៈ ម្ហូបអាហារ និងសក្តានុពលរបស់ប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក៕