នាថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធប្រឡាយ ៦១ ជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ នៅឃុំគោកទ្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទំនើបកម្មវិស្វកម្មប្រព័ន្ធប្រឡាយ ៦១ ជាការវិនិយោគយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការបញ្ចៀសទឹក រក្សាទឹកទុកបម្រើផលប្រយោជន៍ពហុវិស័យ និងឆ្លើយតបការរំដោះ-ពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជិតស្និទ្ធជាមួយក្រសួង-មន្ទីរធនធានទឹក និងពន្លឿនការដោះស្រាយផលប៉ះពាល់ ដូចជាបង្គោលអគ្គិសនី និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការអនុវត្តគម្រោងទំនើបកម្មប្រព័ន្ធប្រឡាយ ៦១ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕


