សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងរូបចម្លងប្រាសាទបុរាណទាំង៣ នៅមុខវត្តបទុមវតី ដើម្បីឱ្យសាធារណជនទស្សនា នាឱកាសបុណ្យអុំទូក


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងរូបចម្លងប្រាសាទបុរាណទាំង៣ នៅមុខវត្តបទុមវតី ដើម្បីឱ្យសាធារណជនទស្សនា ក្នុងអំឡុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសរសេរថា «សម្តេចធិបតី បានណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទបូរាណខ្មែរទាំង៣ គឺ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដែលត្រូវបានដាក់តាំងបង្ហាញ នៅសួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ នាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា ក្នុងអំឡុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើទោះបីជាព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកនៅរាជធានីភ្នំពេញក៏ដោយ ក៏ថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ នៅតែរក្សាដដែល។ ដូច្នេះ ប្រជាពលរដ្ឋមានឱកាសទៅទស្សនានៅទីនោះជាមិនខាន។

ទន្ទឹមគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ និងសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានាប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងធំធេង ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបថា ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕