សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យត្រៀមលក្ខណៈទប់ទល់ជាមួយនឹងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលនឹងបង្កឱ្យមានគ្រោះរាំងស្ងួត និងអាកាសធាតុក្តៅខ្លាំងក្នុងរដូវប្រាំងនេះ តាមរយៈការជំរុញឱ្យមានការសន្សំសំចៃ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានល្អ។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ សម្តេចធិបតីបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានា ដើម្បីចុះផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ អំពីរបៀបនៃការប្រើប្រាស់ និងការសន្សំសំចៃទឹកក្នុងរដូវប្រាំង។
ទន្ទឹមនឹងការត្រៀមទប់ទល់នឹងបញ្ហាកង្វះខាតទឹកប្រើប្រាស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យត្រៀមលក្ខណៈបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ ដោយសារកត្តាអាកាសធាតុក្តៅហួតហែងខ្លាំង។
គួររំលឹកជូនថា ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីកន្លងទៅបានបញ្ជាក់ថា បាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ ដែលនឹងធ្វើឱ្យរដូវប្រាំងឆ្នាំនេះមានសីតុណ្ហភាពក្តៅខ្លាំង និងបរិមាណទឹកភ្លៀងធ្លាក់ចុះទាប ទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងស្តុកទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕






