សភានៃប្រទេសកម្ពុជា និងរុស្ស៉ី បានកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងឱកាសចំណងការទូតនៃប្រទេសទាំងពីរបានឈានដល់ខួប៧០ឆ្នាំ។ ការបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការសភាដែលតំណាងឱ្យប្រជាជននេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង លោក អាន់ដ្រេ កេលីន (Andrey Kelin) សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធទទួលបន្ទុកកិច្ចការបរទេស នៃសហព័ន្ធរុស្ស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅក្នុងប្រទេសហ្វីលីពីន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា និងរុស្ស៊ី ដែលថ្មីៗនេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលបានចាក់ឫសយ៉ាងជ្រៅលើប្រវត្តិសាស្ត្ររួម នៃការឈរនៅក្បែរគ្នាក្នុងកាលៈទេសៈដ៏លំបាកនានាកន្លងមក។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជានឹងមិនបំភ្លេចឡើយនូវការគាំទ្ររបស់សហភាពសូវៀត ដែលបានផ្តល់ជូនប្រជាជនយើងក្នុងដំណើរការកសាងសន្តិភាព និងការកសាងជាតិឡើងវិញក្រោយឆ្នាំ១៩៧៩ ពោលគឺនៅពេលដែលកម្ពុជាត្រូវបានកសាងឡើងវិញពីបាតដៃទទេ។ ការជួយគាំទ្ររបស់រុស្ស៊ីមានច្រើន នៅក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្សជាផ្នែកសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ អតីតនិស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី អតីតសហភាពសូវៀត បានក្លាយជាឥស្សរជនដឹកនាំក្រសួងស្ថាប័នជាច្រើននៅកម្ពុជា។
ក្នុងន័យនេះ សម្តេចបានស្នើរុស្ស៊ីបន្តគាំទ្រកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងនោះមានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវគ្គខ្លី និងបានស្នើភាគីរុស្សី ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើន ព្រមទំាងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចបានចែករំលែកព័ត៌មានពិតមួយចំនួនដល់សមភាគីរុស្ស៊ី ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិពីសំណាក់ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរបានទទួលស្គាល់ដោយអន្តរជាតិជាង ១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចដែលអន្តរជាតិបានដឹងហើយគឺ កម្ពុជាគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយជម្លោះ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ ដូច្នេះមិនត្រូវការសង្គ្រាមឡើយ។ សង្គ្រាមមិនអាចឱ្យប្រទេសណាមួយឈ្នះប្រទេសមួយទៀតទេ សង្គ្រាមមានតែអ្នកចាញ់ ដូច្នេះការបញ្ចប់សង្គ្រាមមានតែការចរចាមួយប៉ុណ្ណោះ។
លោក អាន់ដ្រេ កេលីន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូលោកបានជួបពិភាក្សានាឱកាសនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីកម្ពុជា ក៏ដូចជាអាយប៉ាទាំងមូល ដែលជាវេទិកាដ៏មានសារៈសំខាន់ដើម្បីផលប្រយោជន៍ពលរដ្ឋ។ រុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាយប៉ាឱ្យកាន់តែសកម្មឡើង។
ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងរុស្ស៊ី លោកបានយល់ស្របតាមការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាសភាប្រទេសទាំងពីរត្រូវតែជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅបន្ថែម។ លោកបានបញ្ជាក់ថា នៅក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនេះ រុស្ស៊ីបានកំពុងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ីក្នុងឆ្នាំ២០២៧ ខាងមុខនេះ។ ជាមួយគ្នានេះ រុស្ស៊ីបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមវេទិកាស្ត្រីអឺរ៉ាស៊ី (Eurasian Women’s Forum) ដែលប្រទេសរុស្ស៊ីរៀបចំធ្វើនៅក្នុងឆ្នាំក្រោយនោះ
ដែរ៕











