ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ –កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៦ ឯកឧត្តមតូចចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅទីស្នាក់ ការកណ្តាលអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ និងបណ្តាការិយាល័យក្នុងតំបន់។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ លោក សាង ស៊ូន ចាង អនុប្រធាន KOTSA បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការ ចែករំលែកនូវ ការអនុវត្ត និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពដឹកជញ្ជូននៅកូរ៉េ។
ឯកឧត្តម តូច ចាន់កុសល បានជម្រាបជូនថ្នាក់ដឹកនាំរបស់ KOTSA អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់ ក្រសួង និងការប្រឈមនៅក្នុងការដោះស្រាយនូវសុវត្ថិភាពចរាចរណ៍ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ គឺជាស្ថាប័ន មួយដែលធានាឱ្យមានការរស់នៅដោយសុខស្រួល និងសុវត្ថិភាព របស់ប្រជាពលរដ្ឋកូរ៉េ ដោយអនុវត្ថន៍នូវ គម្រោងសុវត្ថិភាពដឹកជញ្ជូន សំដៅការពារនូវជីវិត និងទ្រព្យសម្បត្តិមានតម្លៃ របស់ប្រជាពលរដ្ឋកូរ៉េ គ្រប់ ប្រភេទនៃការដឹកជញ្ជូន រួមមាន ផ្លូវគោក និងអាកាស ជាដើម។
អាជ្ញាធរបានបង្ហាញជូននូវសកម្មភាពចម្បង និងការអនុវត្តល្អ នៅក្នុងផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ ផ្លូវដែក (ផ្លូវរថភ្លើងអាកាស) និងការគ្រប់គ្រង។ ទន្ទឹមនឹងនោះ គណៈប្រតិភូ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ នូវប្រព័ន្ធ ប្រតិបត្តិការ នៅតាមផ្នែកនីមួយៗ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះការផ្លាស់ប្តូរ យោបល់ និងបទពិសោធន៍ជាមួយ នឹងថ្នាក់ដឹកនាំរបស់អាជ្ញាធរ និងបានស្នើឱ្យបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួង និងផ្លាស់ប្តូរអ្នកបច្ចេកទេស ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងKOTSA និងក្រសួង សំដៅកែលម្អនូវសុវត្ថិភាពចរាចរណ៍ និងការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា៕
គណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ច ទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាព ដឹកជញ្ជូននៅកូរ៉េ
