រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំកិច្ចប្រជុំដំបូងរវាងក្រុមការងារ ដើម្បីពិនិត្យពិភាក្សាការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជានៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អាគារស វិមានរដ្ឋចំការមន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានឯកភាព និងគាំទ្រទាំងស្រុងការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ដោយអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសចំពោះកិច្ចរបស់ស្ថាប័នទាំងប្រជុំពិភាក្សារៀបចំឯកសារ ហើយនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃខាងមុខ។ ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកអបអរសាទរនូវកំណែទម្រង់វិស័យអប់រំ ដែលបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយបន្ថែមទៀតថា នេះជាឱកាសពេជ្រដែលកម្ពុជាបានរៀបចំការបញ្ចូលបទប្បញ្ញត្តិគ្រឹះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សារបស់ជាតិ៕