កិច្ចប្រជុំ​ដំបូង​ ស្ដី​ពី ​ការ​ដាក់​បញ្ចូល​បទប្បញ្ញត្តិ​គ្រឹះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​រៀបចំ​កិច្ចប្រជុំ​ដំបូង​រវាង​ក្រុមការងារ ដើម្បី​ពិនិត្យ​ពិភាក្សា​ការ​ដាក់​បញ្ចូល​បទប្បញ្ញត្តិ​គ្រឹះ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅ​ក្នុង​មុខវិជ្ជា​សីលធម៌-ពលរដ្ឋវិជ្ជា​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា ។

កិច្ច​ប្រជុំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម ​អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នារសៀល​ថ្ងៃចន្ទ ៨កើត ខែជេស្ធ ឆ្នាំកុរ ឯកស័ក​ ព.ស. ២៥៦៣ នៅ​សាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អាគារស វិមានរដ្ឋចំការមន។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង​ការ​ដាក់​បញ្ចូល​បទប្បញ្ញត្តិ​គ្រឹះ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ក្នុង​មុខវិជ្ជា​សីលធម៌​-ពលរដ្ឋវិជ្ជា ដោយ​អនុញ្ញាត​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ចំពោះ​កិច្ច​របស់​ស្ថាប័ន​ទាំង​ប្រជុំ​ពិភាក្សា​រៀបចំ​ឯកសារ ​ហើយ​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ថ្ងៃ​ខាង​មុខ។ ឯកឧត្ដម​ អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បាន​លើក​អបអរសាទរ​នូវ​កំណែទម្រង់វិស័យអប់រំ ដែល​បាន​ទទួល​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​បន្ថែម​ទៀត​ថា នេះ​ជា​ឱកាស​ពេជ្រ​ដែល​កម្ពុជា​បាន​រៀបចំ​ការ​បញ្ចូល​បទប្បញ្ញត្តិ​គ្រឹះ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៅ​ក្នុង​កម្មវិធីសិក្សា​របស់​ជាតិ៕